ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកបាណន់ ខេត្តបាត់ដំបង ដោយរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ សម្រេចតែងតាំងលោក ស្រេង សុខា ឋានន្តរស័ក្ដិឧត្តមមន្រ្ដី ថ្នាក់លេខ៣ ឲ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកបាណន់ថ្មី ជំនួសឲ្យលោក ប៉ែន សារិយ៉ូ ដែលទើបចូលនិវត្តន៍កន្លងទៅនេះ ។
បន្ទាប់ពីប្រគល់ជូនអនុក្រឹត្យ និងត្រារដ្ឋបាលស្រុករួច លោក ស្រេង សុខា ដែលទើបតែប្រកាសតែងតាំងមុខតំណែងអភិបាល នៃគណៈអភិបាលស្រុកបាណន់ថ្មី បានឡើងប្ដេជ្ញាចិត្ត ជូនចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ក្នុងន័យបន្តការបម្រើប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធិភាព ។
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ក្រើនរំលឹក និងណែនាំដល់រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ត្រូវបន្តផ្តល់សេវារដ្ឋបាលសាធារណៈ ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព ក្រៅពីនោះត្រូវធានាថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការដោះស្រាយបញ្ហាប្រឈម ក្តីកង្វល់ សំណូមពរចាំបាច់នានា សំដៅធានាបាននូវប្រក្រតីភាពនៃជីវភាពសង្គម ។
ឯកឧត្តម សុខ លូ បានជំរុញបន្ថែមដល់គណៈបញ្ជាការឯកភាពស្រុកបាណន់ ត្រូវបង្កើនការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋានដើម្បីដាក់ចេញនូវវិធានការនានា សំដៅទប់ស្កាត់ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវ
សកម្មភាព ឬការផ្សព្វផ្សាយព័ត៌មានមិនពិត ការញុះញង់អុចអាលប៉ុនប៉ងបង្កឲ្យមានអំពើហិង្សា ភាពចលាចលវឹកវរ អសន្តិសុខក្នុងសង្គម ក្នុងនោះត្រូវខិតខំបំផុសអប់រំប្រជាពលរដ្ឋឲ្យខិតខំគោរពច្បាប់ ចូលរួមការពារផលប្រយោជន៍សាធារណៈ ផលប្រយោជន៍សហគមន៍ និងត្រូវជៀសវាងការចូលរួមក្នុងសកម្មភាពទាំងឡាយណា ដែលផ្ទុយពីច្បាប់ ក៏ដូចសកម្មភាព ដែលប៉ះពាល់ដល់សន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងជាពិសេសបន្តបង្ក្រាបឲ្យបាននូវល្បែងស៊ីសងខុសច្បាប់ និងបញ្ហាគ្រឿងញៀន ដែលជាបញ្ហានៅចំពោះមុខ ដែលយើងត្រូវដោះស្រាយឲ្យមានប្រសិទ្ធិភាពខ្ពស់ផងដែរ ៕