ប្រភពដែលស្និទ្ធ នឹងការពិភាក្សាបាននិយាយថា ប្រធានាធិបតីចិននិងប្រធានាធិបតី អាមេរិក កំពុងពិចារណា អំពីកិច្ចប្រជុំមួយ នៅក្នុងប្រទេសវៀតណាម នៅថ្ងៃទី27 និង 28 ខែកុម្ភៈ។

ប្រភពនេះបាននិយាយថា លោក ស៊ីជីនពីង (Xi Jinping) ប្រធានាធិបតីចិន និងសមភាគីអាមេរិក លោក ដូណាល់ត្រាំ (Donald Trump) អាចជួបប្រជុំនៅ ដាណាង (Da Nang)  នៅថ្ងៃទី27 និង 28 ខែកុម្ភៈ ដើម្បី បន្តការដោះស្រាយជម្លោះពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។

កិច្ចប្រជុំនេះត្រូវបានលើកឡើងដោយ លោក ត្រាំនៅពេលដែល គណៈប្រតិភូពាណិជ្ជកម្មរបស់ចិន បានទៅប្រជុំ នៅរដ្ឋធានីវ៉ាស៊ីនតោន ក្នុងសប្តាហ៍នេះ។លោក ត្រាំ បាននិយាយថា៖ “លោកទន្ទឹងរង់ចាំជួប លោកស៊ីជីនពីងម្តងឬពីរដងទៀត ដើម្បីបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម”។

ទីក្រុងវ៉ាស៊ីនតោន ក៏កំពុងរៀបចំកិច្ចប្រជុំកំពូលលើកទីពីរ រវាងលោក ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន ផងដែរ នៅចុងខែកុម្ភៈនេះ។

គួរបញ្ជាក់ដែរថា បន្ទាប់ពីកិច្ចប្រជុំរវាងលោក ត្រាំ និងលោកស៊ី នៅក្នុងខែធ្នូ ប្រទេសទាំងពីរ បានយល់ព្រមផ្អាកការដំឡើងពន្ធបន្ថែមទៀតសម្រាប់រយៈពេល90 ថ្ងៃរហូតដល់ថ្ងៃទី 1 ខែមីនា។ប៉ុន្តែសហរដ្ឋអាមេរិក បានគំរាមបង្កើនពន្ធពី 10 ទៅ 25ភាគរយ លើទំនិញរបស់ចិន ដែលមានតម្លៃ 200 ពាន់លានដុល្លារប្រសិនបើពួកគេមិនអាចឈានដល់កិច្ចព្រមព្រៀង ដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្ម៕ SCMP

SCMP