ខេត្តត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បានធ្វើពីធីប្រកាសដីកាតែងតាំង លោក ផាត សុខសាន្ត ជាអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំថ្មី ក្រោមអធិបតីភាព ឯកឧត្តម ហ៊ាង ស៉ីណេ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។

បន្ទាប់ពីគណៈអធិបតី ប្រគល់ដីកាតែងតាំងជូនរួចមក លោក ផាត សុខសាន្ត អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ ដែលទើបទទួលដំណែងថ្មី លោកបានឡើងធ្វើការប្តេជ្ញាចិត្តថា៖ នឹងខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឲ្យបានល្អដោយឈរលើមូលដ្ឋានគោរពតាមបទដ្ឋាននានានិងច្បាប់របស់រដ្ឋ ហើយសូមសច្ចាថា មិនប្រព្រិត្តនូវអំពើទាំងឡាយណា ដែលបង្កឲ្យមានផលប៉ះពាល់ ភាពអវិជ្ជមានដល់អង្គភាព ពិសេសខូចខាតផលប្រយោជន៏ជាតិ និងប្រជាជន, គោរព អនុវត្តន៏គោលនយោបាយអប់រំ ច្បាប់ លិខិតបទដ្ឋាននានា ពិសេសកំណែទំរង់៨ចំណុចរបស់ក្រសួងអប់រំ យុវជន និងកីឡា សំដៅធ្វើយ៉ាងណាឲ្យការងារទទួលបានជោគជ័យ។

គណៈអធិបតីទាំង២រូប ក៏បានផ្ដល់នូវអនុសាសន៍ផ្តាំផ្ញើដល់លោកអនុប្រធានមន្ទីរអប់រំថ្មី ត្រូវតែរួមសហការគ្នាឲ្យបានល្អ ក្នុងការកែទម្រង់វិស័យអប់រំឲ្យ កាន់តែល្អប្រសើរឡើង ព្រោះវិស័យអប់រំត្រូវបានចាត់ទុកជាវិស័យ អាទិភាពមួយ ដើម្បីជំរុញការអភិវឌ្ឍប្រទេស ជាពិសេសនៅក្នុងយុគសម័យបច្ចុប្បន្ន ដែលការអភិវឌ្ឍត្រូវផ្អែកលើធនធានបញ្ញា៕