រាជធានីភ្នំពេញ​៖ នៅ​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២១​នេះ នៅ​ទី​ស្ដី ក្រសួង ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​សុពលភាព​លោក ចាន់ ដា​វុ​ធ ជា​ប្រធាន​នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ​ក្រសួង លោក លោកស្រី​ដែលជា​ប្រធាន អនុប្រធាន​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​ផងដែរ​។​

​ថ្លែង​ទៅកាន់​អង្គពិធី​ទាំងមូល ឯកឧត្ដម​រដ្ឋលេខាធិកា​រ បាន​ផ្ដាំ​ផ្ញើឱ្យ​ប្រធាន​នាយកដ្ឋាន​ដែល​ទើប​ទទួល ការតែងតាំង​ថ្មី ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ឱ្យ​អស់ពី​សមត្ថភាព បង្កើន​កិច្ចសហប្រតិបត្តិការ​ល្អ​ផ្ទៃក្នុង​និង​រិះរក​គ្រប់​មធ្យោបាយ និង​យុទ្ធសាស្ត្រ ក្នុងការ​អភិវឌ្ឍ​ការងារ​សវនកម្ម​ផ្ទៃក្នុង​ឱ្យមាន​ការរីកចម្រើន មាន​តម្លាភាព និង​ប្រសិទ្ធភាព ដើម្បី​សម្រេច​ភារកិច្ច​ថ្មីៗ​បន្ថែមទៀត​ជូន​ក្រសួង ក៏ដូចជា​រាជរដ្ឋាភិបាល​ផងដែរ​។

​ជាងនេះទៅទៀត ឯកឧត្ដម​រដ្ឋលេខាធិកា​រ​បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​មន្ត្រី​គ្រប់​ជាន់ថ្នាក់​របស់​នាយកដ្ឋាន​មាន​សាមគ្គីភាព​ផ្ទៃក្នុង​រឹងមាំ កុំ​មើលបំណាំ​គ្នា ត្រូវ​ចេះ​ពិគ្រោះ​ពិភាក្សាគ្នា ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​រួម និង​បាន​បន្ថែមថា ការងារ​តូច​ប៉ុនណា​ក៏ដោយ បើ​យើង​មិន​ធ្វើ​គឺ​មិន សម្រេចបាន​ជោគជ័យ​ទេ ប៉ុន្តែ​ការងារ​ធំ​ប៉ុនណា​ក៏ដោយ បើ​យើង​ខិតខំ​ប្រឹងប្រែង​ធ្វើ​នោះ​ប្រាកដជា​ទទួលបាន​ជោគជ័យ​ជាមិនខាន​ឡើយ​។​

​ឯកឧត្ដម​រដ្ឋលេខាធិកា​រ ក៏បាន​ណែនាំ​ផងដែរ​ឱ្យ​លោក​ប្រធាន​នាយកដ្ឋាន​ទើប​ទទួល​ការតែងតាំង​ថ្មី​រក្សា​ឱ្យបាន​នូវ​វប្បធម៌ រួមសុខ រួមទុក្ខ និង​គ្រប់គ្រង​មន្ត្រីក្រោមឱវាទ​របស់ខ្លួន​ឱ្យមាន​ប្រសិទ្ធភាព ក្រោម​ដំបូង​មហា​គ្រួសារ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​ឆ្លើយតប​ចំពោះ​ការផ្ដល់​សេចក្ដីទុកចិត្ត​នេះ លោក ចាន់ ដា​វុ​ធ បាន​ប្តេជ្ញា​បន្ត​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការងារ សវនកម្ម​ផ្ទៃក្នុង​ឱ្យមាន​ការរីកចម្រើន​ថែមទៀត ដោយ​ខិតខំ​ឱ្យ​អស់ពី​កម្លាំងកាយ​ចិត្ត និង​ប្រើប្រាស់​គ្រប់ មធ្យោបាយ និង​នីតិវិធី បន្ត​កិច្ចសហការ​ជាមួយ​មន្ត្រីក្រោមឱវាទ​ឱ្យបាន​ស្អិតរ​មួ​ត ក្នុង​គោលបំណង​តែមួយ គត់​គឺ​ការអភិវឌ្ឍ ត្រងត្រាប់ និង​អនុវត្ត​នូវ​រាល់​ភារកិច្ច និង​បទបញ្ញត្តិ​ដែល​ក្រសួង​ដាក់ជូន​។​

​សូម​ជម្រាបជូន​ថា លោក ចាន់ ដា​វុ​ធ ធ្លាប់មាន​ប្រវត្តិ​ការងារ​ចេញពី​អាជ្ញាធរ​សវនកម្ម​ជាតិ និង​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់ ពី​ប្រទេស​អូស្ត្រាលី មាន​សមត្ថភាព ចំណេះដឹង ចំណេះធ្វើ ជំនាញ​ពិតប្រាកដ​បទពិសោធន៍​ការងារ និង​ទេពកោសល្យ​ច្បាស់លាស់ ស្របតាម​លក្ខណៈវិនិច្ឆ័យ​ទទួលយកបាន​របស់​ក្រសួង​៕