ខេត្តក្រចេះ៖ លោក ងី ប៊ុនឡែន អត្ថលេខ ១៧៤១០០០០៣៦ ឋានន្តរស័ក្កិមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ១ ត្រូវបានប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ ជំនួសលោក ឈ្នាង សុវត្ថា ដែលត្រូវចូលនិវត្តន៍ រីឯលោក លាង ឌីណា អត្ថលេខ ១៦៩១០០០០២៩ ឋានន្តរស័ក្កិមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ១ ឡើងកាន់មុខតំណែងជា អនុប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បន្តពីលោក ងី ប៊ុនឡែន។

ពិធីប្រកាសនេះ ត្រូវបានធ្វើឡើងក្រោមអធីបតីភាពឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងវ៉ា ថន អភិបាលខេត្តក្រចេះ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១។ 

លោក ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាលដែលបានឡើងតែងតាំងថ្មី បានធ្វើការប្ដេជ្ញាចិត្តថា ៖ 

  • អនុវត្តឲ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ លិខិត បទដ្ឋានគតិយុត្ត ជាធរមាន និងគោលការណ៍ណែនាំនានារបស់ក្រសួងសុខាភិបាល។

  • ប្តេជ្ញាគោរពអនុវត្តតាមការណែនាំចង្អុលបង្ហាញ ផ្ដល់អនុសាសន៍ពីក្រសួងសុខាភិបាល ក៏ដូចជាថ្នាក់ដឹកនាំខេត្ត ដើម្បីពង្រឹងការគ្រប់គ្រងដឹកនាំប្រកបដោយប្រសិទ្ធភាព-ប្តេជ្ញាប្រកាន់ខ្ជាប់នូវគុណសម្បត្តិ០៤យ៉ាងគឺឆន្ទៈ ម្ចាស់ការ មនសិការវិជ្ជាជីវៈ ភក្តីភាព និងវប្បធម៌សេវាសាធារណៈ

  • ប្ដេជ្ញាពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ ពង្រឹងរបៀបរបបការងារឈរលើ ទស្សនៈសមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវ ក្នុងការគោរពវិន័យបទបញ្ជាផ្ទៃក្នុង និងលើកទឹកចិត្តមន្ត្រីឲ្យខិតខំបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់
  • ប្ដេជ្ញាពង្រឹងគុណភាពសេវាសុខាភិបាលប្រកបដោយប្រសិទ្ធភាព គុណភាព សមធម៌ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ
  • សហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាព និងអង្គការដៃគូគួរឲ្យបានល្អប្រសើរ និងជំរុញការងារបណ្ដុះបណ្ដាលបន្តដល់មន្ត្រីជំនាញ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះមន្ត្រីសុខាភិបាលខេត្តក្រចេះបានខិតខំយកចិត្តទុកដាក់ ធ្វើការងារបម្រើជាពលរដ្ឋនៅពេលជំងឺកូវីដ-១៩ កំពុងរាតត្បាតនៅក្នុងប្រទេស និងបានក្រើនរំលឹកដោយសង្កត់ធ្ងន់ដល់មន្ត្រីសុខាភិបាល លើការអនុវត្តគោលនយោបាយ កំណែទម្រង់ស៊ីជំរៅរបស់រាជរដ្ឋាភិបាល និងការបំរើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា៕