រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចជាផ្លូវការឲ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងវាយលុកខ្លាំង។

ការសម្រេចផ្អាកនេះ ដោយមើលឃើញពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅបណ្ដាវត្តអារាម្យមួយចំនួន ក្នុងរយៈពេល៣ថ្ងៃដំបូងនៃថ្ងៃកាន់បិណ្ឌ។

សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃ២៣ កញ្ញា ក៏បានណែនាំគណៈអភិបាលរាជធានី-ខេត្ត ត្រូវធ្វើការសម្របសម្រួលជាមួយយន្តការដែលមានការពាក់ព័ន្ធទាំងអស់ដើម្បីធានាដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុចាំបាច់នានា ប្រគេនដល់ព្រះសង្ឃនៅតាមបណ្តាវត្តអារាមនានា ដែលស្ថិតក្នុងសមត្ថកិច្ចដែនដីរបស់ខ្លួន។

ទោះបីជាយ៉ាងណាក៏ដោយ ការឈប់សម្រាករយៈពេល៣ថ្ងៃ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ដែលត្រូវបានកំណត់ដោយអនុក្រឹត្យលេខ១៣១ អនក្រ.បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្រ្តីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២១ នៅបន្តជាធម្មតា។

ក្នុងថ្ងៃ២៤កញ្ញានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសម្រេចបិទខ្ទប់វត្តមុនីសុវណ្ណ (ហៅក្រៅវត្តចំពុះក្អែក) មានទីតាំងស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលជំងឺកូវីដ-១៩ សម្រាប់រយៈពេល ១៤ថ្ងៃផងដែរ៕