រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាល ប្រកាសដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបចំនួន២ដុល្លារថែមទៀត សម្រាប់ឆ្នាំ២០២២ ដែលធ្វើឱ្យប្រាក់ឈ្នួលទាបបំផុតឡើងដល់១៩៤ដុល្លារ។

ក្រោយពីកិច្ចប្រជុំជាច្រើនលើកនៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ភាគីពាក់ព័ន្ធមិនបានឯកភាពគ្នាជាឯកច្ឆន្ទលើតួលេខណាមួយឡើយ ដោយតំណាងភាគីកម្មករនិយោជិតរក្សាតួលេខចុងក្រោយរបស់ខ្លួន ២០៤ដុល្លារអាម៉េរិក, តំណាងភាគីនិយោជករក្សាតួលេខ ១៨៨ដុល្លារអាម៉េរិក, និងតំណាងភាគីរាជរដ្ឋាភិបាលដោយឈរលើលក្ខណៈបច្ចេកទេស និងវិទ្យាសាស្ត្រ កំណត់យកតួលេខ ១៩២ដុល្លារអាម៉េរិក។ 

យោងមាត្រា១២ នៃច្បាប់ស្តីពីប្រាក់ឈ្នួល អប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានអនុវត្តនូវនីតិវិធីបោះឆ្នោតជាសម្ងាត់ នាកិច្ចប្រជុំព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីគាំទ្រតួលេខនីមួយៗដោយទទួលបានលទ្ធផលដូចខាងក្រោម៖

  • តួលេខចំនួន ១៨៨ដុល្លារអាម៉េរិក ទទួលបានសំឡេងឆ្នោត ០សំឡេង លើ ៥១សំឡេង
  • តួលេខចំនួន ២០៤ដុល្លារអាម៉េរិក ទទួលបានសំឡេងឆ្នោត ៦សំឡេង លើ ៥១សំឡេង
  • តួលេខចំនួន ១៩២ដុល្លារអាម៉េរិក ទទួលបានសំឡេងឆ្នោត ៤៥សំឡេង លើ ៥១សំឡេង
  • និងសំឡេងមិនបានការចំនួន ០សំឡេង លើ ៥១សំឡេង។

ដូចនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានស្នើតួលេខចំនួន ១៩២ (មួយរយកៅសិបពីរ) ដុល្លារអាម៉េរិក ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើការពិនិត្យសម្រេចលើប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២២។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ស្ថិតនៅក្នុងបរិការណ៍នៃការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចនិងសង្គម ជាពិសេសទៅលើបញ្ហាសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបន្ថែមទឹកប្រាក់ចំនួន ២ (ពីរ) ដុល្លារអាម៉េរិក លើទឹកប្រាក់ចំនួន ១៩២ (មួយរយកៅសិបពីរ) ដុល្លារអាម៉េរិក៕