រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យកែសម្រួលផ្ទៃដីទំហំ ៣,៤៤៨ហិកតា ៧៧អា ចេញពីតំបន់៣ បញ្ចូលមកតំបន់២ នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ និងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផល។ នេះបើតាមអនុក្រឹត្យដែលបានចុះហត្ថលេខាដោយ សម្ដេចតេជោ នាយករដ្ឋមន្រ្តី នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ
ការកែសម្រួលផ្ទៃដីទំហំ ៣ ៤៤៨ ហិកតា ៧៧អា ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ចេញពីតំបន់៣ នៃបឹងទន្លេសាប ដែលកំណត់ដោយអនុក្រឹត្យលេខ ១៩៧ អនក្រ.បក់ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ បញ្ចូលមកតំបន់២ តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum WGS 1984 ស្ថិតនៅទីតាំង៖
- ឃុំកំពង់ពោធិ៍ ឃុំកំពង់លួង់ ឃុំអន្សាចំបក់ ឃុំអូរសណ្តាន់ ស្រុកក្រគរ ដីទំហំ ១,១២២ហិកតា ៤៥អា ជូនប្រជាពលរដ្ឋចំនួន៧០៦គ្រួសារ។
- ឃុំកញ្ជរ ឃុំរាំងទិល ឃុំស្យា ឃុំស្រែស្តុក ស្រុកកណ្ដៀង ដីទំហំ ១,១៦៩ហិកតា ៧២អា ជូនប្រជាពលរដ្ឋចំនួន៥៨៥គ្រួសារ។
- ឃុំបឹងបត់កណ្តោល ឃុំមេទឹក និងឃុំអូរតាប៉ោង ស្រុកបាកាន ដីទំហំ ១,១៥៦ហិកតា ៦០អា ជូនប្រជាពលរដ្ឋចំនួន៣៦៧គ្រួសារ។