រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចជាថ្មីកាលពីថ្ងៃ ១៧តុលា ដើម្បីលើកលែងកាតព្វកិច្ចបង្ហាញបណ្ណចាក់វ៉ាក់សាំង ចំពោះកុមារ និងយុវវ័យអាយុក្រោម១៨ឆ្នាំ រាល់ពេលចេញចូលសាលារៀន គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នានា ក៏ដូចជាបណ្ណាល័យ បណ្ណាគារ អាហារដ្ឋានតូបអាហារ និងតូបភេសជ្ជៈ ដែលមានទីតាំងស្ថិតក្នុងគ្រឹះស្ថានសិក្សានីមួយៗ។
ដោយឡែក ចំពោះកុមារ និងយុវវ័យដែលមានអាយុក្រោម១៨ឆ្នាំ ក៏ត្រូវបានលើកលែងកាតព្វកិច្ច បង្ហាញបណ្ណចាក់វ៉ាក់សាំងផងដែរ រាល់ពេលចេញ-ចូល ទៅទំនាក់ទំនងសាកសួរព័ត៌មានផ្សេងៗ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ក្នុងរាជធានីភ្នំពេញផងដែរ។
ការលើកលែងនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា កុមារ និងយុវវ័យមានអាយុក្រោម១៨ឆ្នាំ មិនមែនជាក្រុមហានិភ័យដែលមានការចម្លងសកម្ម ប៉ុន្តែ គឺជាក្រុមដែលងាយរងគ្រោះពីការចម្លងជំងឺកូវីដ-១៩។
ទោះជាយ៉ាងណាក៏ដោយ សាលារាជធានីភ្នំពេញ បានណែនាំដល់គណៈនាយក ឬគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ត្រូវរៀបចំយន្តការ ដើម្បីត្រួតពិនិត្យបចាក់វ៉ាក់សាំងរបស់សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតា-អាណាព្យាបាល និងភ្ញៀវដែលចេញ-ចូលមកទំនាក់ទំនងការងារផ្សេងៗ ឱ្យបានត្រឹមត្រូវមុននឹងអនុញ្ញាតឱ្យចូលក្នុងគ្រឹះស្ថានសិក្សា៕