រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចការបន្តដាក់ចេញនូវវិធានការរដ្ឋបាល ផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬ ការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៥-២៨ ខែតុលា ឆ្នាំ២០២១។
ក្នុងប្រការ៣នៃវិធានការនេះ បានចែងថា ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នការជួបជុំ ឬ ការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន ដែលមានមនុស្សចូលរួមលើសពី ៥០នាក់។
ដោយឡែកការសម្រេចនេះ ក៏បានបញ្ជាក់ថា សកម្មភាពការងារមុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដូចជា រោងភាពយន្ត ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ត្រូបន្តផ្អាកជាបណ្ដោះអាសន្ន។
វិធានការរដ្ឋបាលថ្មីនេះ ជាសញ្ញានៃការបើកទីក្រុងក្នុងភាពទូលាយជាងមុននៃការប្រកបអាជីវកម្ម ដោយមិនមានការចែងហាមឃាត់អំពីការលក់គ្រឿងស្រវឹងនោះទេ៕