រាជធានីភ្នំពេញ​៖ យោងតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់អោយដឹងនៅថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ២០២២នេះថា កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកការបង្ក្រាបបទល្មើសល្បែងស៊ីសង សរុប៣៦ករណី ឃាត់ខ្លួន មនុស្សចំនួន៧០នាក់ នៅតាមខណ្ឌក្នុងមូលដ្ឋានរាជធានីភ្នំពេញ ត្រឹម រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ១៧-១៨ ខែកញ្ញានេះ។

លោក សាន សុខសីហា ៖ លទ្ធផលបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គិតត្រឹមរយៈពេល២ថ្ងៃ ថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តម សេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជ ធានី ភ្នំពេញ បានដាក់ចេញនូវផែនការ និងបានបង្កើតក្រុមការងារ ដើម្បីធ្វើ ការបង្ក្រាប ការបើកលេងល្បែនស៊ីសងខុសច្បាប់ រយៈពេល២ថ្ងៃកន្លង មក ថ្ងៃទី១៧-១៨ ដោយបានធ្វើការបង្ក្រាប៣៦ករណី ឃាត់ខ្លួន៧០នាក់។

លោកវរសេនីយ៍ឯក សាន សុខសីហា បានបន្តថា ក្នុងចំណោម​មនុស្ស​ដែលឃាត់ខ្លួនបានទាំង៧០នាក់នោះ ក្នុងនោះមានស្រី៣៥នាក់, ចិន១០នាក់, កូរ៉េម្នាក់, អារ៉ាប់ម្នាក់ ហើយក្រៅពីនោះជាជនជាតិខ្មែរ។

គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាយ៉ាងដាច់ណាត់ឲ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេស​មន្ត្រីថ្នាក់ក្រោមជាតិត្រូវបង្ក្រាបឲ្យអស់នូវល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ។ ប្រសិនបើអភិបាលរាជធានី/ខេត្ត អភិបាលក្រុង/ស្រុក/ខណ្ឌរូបណាមិនទទួលខុសត្រូវលើតួនាទី បណ្តោយឲ្យល្បែង​ស៊ីសង​រីកសាយភាយក្នុងមូលដ្ឋានរបស់ខ្លួន សម្ដេចតេជោមិនស្ទាក់ស្ទើរក្នុង​ការដកចេញពីមុខតំណែងនោះឡើយ៕