រាជធានីភ្នំពេញ៖ ក្រសួងការបរទេសនៃរដ្ឋាភិបាលអាមេរិក បានសំរេចផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងចំនួន ៦,៣៥៥,៧២០ដុល្លារ មានរយ:ពេល៤៥ខែ (០១ មិនា២០២២ដល់ថ្ងៃទី៣០ វិច្ឆិកា ២០២៥) ដោយផ្តល់តាមរយ:អង្គការ NPA សំរាប់គាំទ្រសកម្មភាពរបស់អង្គភាពសុីម៉ាក់ បោសសំអាតតំបន់រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម នៅខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតន:គីរី និងខេត្តមណ្ឌលគីរី។
លោក ហេង រតនា និងលោក Rune Dale Andresen ប្រធានអង្គការNPAប្រចាំកម្ពុជា បានចុះហត្ថលខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការរវាង អង្គការ NPA និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លេីជំនួយហិរញ្ញប្បទានឥតសំណងនេះ តាមរយ:អង្គការ NPA ដើម្បីគាំទ្រអង្គភាពសុីម៉ាក់បោសសំអាតតំបន់រងផលប៉ះពាល់គ្រាប់បែកចង្កោម រយ:ពេល៤៥ខែ (១ មិនា ២០២២-វិច្ឆិកា ២០២៥) ។
ជំនួយនេះ ផ្តល់លទ្ធភាពឱ្យអង្គភាពសុីម៉ាក់ អាចពង្រាយកំលាំងប្រតិបត្តិការចំនួនជាង២០០នាក់និងអាចរំដោះផ្ទៃដីតំបន់គ្រាប់បែកចង្កោមជាង១៣,២០០ហិចតា។
ជាមួយនេះដែរ ក្រសួងការបរទេស Norway ក៏បានសំរេចផ្តល់ថវិកាខ្នាតតូចចំនួន២គំរោង គឺគំរោងរំដោះខេត្តគ្មានគ្រាប់មីនដែលកំពុងប្រតិបត្តិការ និងគំរោងបោសសំអាតមីនតំបន់ព្រំដែនកម្ពុជា-ថៃ ដែលគំរោងទាំង២មានថវិកាចំនួន ៨៩,០៧៧ដុល្លាររយ:ពេល ៣ខែ៕