នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានធ្វើដំណើរទៅកាន់ស្រុកបាទី និងស្រុកព្រៃកប្បាស របស់ខេត្តតាកែវ ដើម្បីពិនិត្យជាក់ស្តែងនូវសភាពការណ៍ទឹកពាក់ព័ន្ធនឹងការងារបង្កបង្កើនផលរដូវវស្សារបស់បងប្អូនប្រជាកសិករ ព្រមទាំងត្រួតពិនិត្យនូវវិវឌ្ឍនភាពការដ្ឋានជីកប្រព័ន្ធប្រឡាយហនុមាន ស្ថិតក្នុងស្រុកបាទី ដែលមានប្រវែងសរុប ៧៨០០ម៉ែត្រ និងសំណង់សិល្បការចំនួន ២០កន្លែង ក្នុងនោះសំណង់ខ្នាតធំ ចំនួន១០កន្លែង និងខ្នាតតូច ចំនួន ១០កន្លែង (សរុបចាប់តាំងពីឆ្នាំ២០១៥មក ការងារជីកប្រឡាយសរុបធ្វើបានប្រវែង ៣៨គីឡូម៉ែត្រ ,សំណង់សិល្បការខ្នាតតូចនិងមធ្យមចំនួន ៤០កន្លែង ,សំណង់សិល្បការខ្នាតធំនិងស្ពានបេតុងឆ្លងប្រឡាយចំនួន ៣៦កន្លែង)។

 បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រីបានបន្តដំណើរចុះពិនិត្យនៅឃុំចារ ស្រុកព្រៃកប្បាស ដែលប្រជាជនកំពុងអនុវត្តនូវការជីកប្រឡាយជើងក្អែប ជាផែនការជម្រុញបន្តរបស់រាជរដ្ឋាភិបាលដោយប្រើប្រាស់ សាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករ (Cash for work) ផងដែរ ៕