រាជធានីភ្នំពេញ៖  រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានផ្ដល់ការណែនាំដល់អ្នករៀបចំកម្មវិធីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២២ ( Miss Grand Cambodia 2022) ឲ្យស្វែងយល់ឲ្យបានគ្រប់ជ្រុងជ្រោយលើពីវប្បធម៌។

លោកស្រី បានលើកឡើងកាលពីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២  ថា៖ ការរៀបចំព្រឹត្តិការណ៍ពាក់ព័ន្ធនឹងវប្បធម៌ជាតិ គប្បីត្រូវសិក្សាស្វែងយល់អោយបានគ្រប់ជ្រុងជ្រោយពី វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី អត្តសញ្ញាណ ព្រមទាំងគុណតម្លៃនៃស្រ្តីខ្មែរ។ 

ជាមួយនេះ លោកស្រីរដ្ឋមន្រ្តី បានណែនាំបន្ថែមឲ្យអ្នករៀបចំកម្មវិធី ត្រូវបង្កើនកិច្ចសហការអោយបានជិតស្និទ្ធជាមួយមន្រ្តីក្រសួង ដើម្បីចៀសវាងបាននូវកំហុសដែលកើតឡើងនានា។

សូមជម្រាបជូនដែរថា ការណែនាំបែបនេះ ក្រោយពីការរៀបចំកម្មវិធី កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២២ ( Miss Grand Cambodia 2022) ដោយក្រុមហ៊ុនឯកជនមួយ រងនូវការរិះគន់ខ្លាំងៗពីមហាជន លើការសម្ដែង ការស្លៀកពាក់មួយចំនួនដែលមិនសមរម្យ ប៉ះពាល់ដល់វប្បធម៌ និងគុណតម្លៃនៃស្រ្ដីខ្មែរ ពេញបណ្ដាញសង្គម។

អគ្គនាយកផលិតកម្ម មហាហង្ស ដែលជាអ្នកដឹកនាំកម្មវិធីនេះ ក៏បានសម្តែងនូវការសោកស្តាយចំពោះកំហុសដែលបានកើតឡើង និងបានសុំអភ័យទោសជាសាធារណៈចំពោះកំហុសឆ្គងខាងលើ ព្រមទាំងបានសន្យាថា នឹងខិតខំបង្កើនកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍នេះនាពេលអនាគត ដើម្បីចៀសវាងកំហុសដូចពេលនេះទៀត៕