ខេត្តកណ្ដាល៖ តាមលិខិតរបស់ រដ្ឋមន្រ្តីក្រសួងធម្មការ ឯកឧត្តម ឈិត សុខុន បានផ្ញើទៅកាន់ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល បានបញ្ជាក់ពីការស្នើតុលាការចាត់ការ តាមផ្លូវច្បាប់ចំពោះលោក ផែង វណ្ណៈ ចំនួន៣បទល្មើស រួមមានបទ៖ ប្រមាថចំពោះព្រះសង្ឃ តាមមាត្រា៥១៦, បទញុះញង់ឱ្យមានការរើសអើង តាមមាត្រា ៤៩៦ និងបទគម្រាមកំហែងថានឹងសម្លាប់ តាមមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា។

ឯកឧត្តមបានបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ផែង វណ្ណៈ បានធ្វើការបង្ហោះ វីដេអូផ្សាយផ្ទាល់(Live) លើផេករបស់ខ្លួនដែលមានឈ្មោះ Pheng Vannak News ដោយបានជេរប្រមាថមកលើព្រះសង្ឃ និងពោលពាក្យគម្រាមកំហែងញុះញង់ ឱ្យមានការរើសអើងចំពោះព្រះសង្ឃ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ មិនតែប៉ុណ្ណោះ បានប្រមាថយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតរបស់អ្នកបួស។ 

កន្លងទៅ លោកផែង វណ្ណៈ បាននិយាយថា ក្នុង Live ថា ៖ «ប្រសិនបើវាយកូនខ្ញុំបែបនេះ ខ្ញុំអត់ទៅប្តឹងទេ ខ្ញុំទៅបាញ់ចោលតែម្ដង ចំពោះអ្នកប្រព្រឹត្ត» ។ ដែលនេះជា ចេតនាគម្រាមកំហែងថានឹងសម្លាប់ ដែលមានបញ្ញត្តិក្នុងក្រមព្រហ្មទណ្ឌ និងចោទបន្ថែមលើព្រះគ្រូ ចៅអធិការវត្តបូណ៍ នូវពាក្យមិនពិតដោយពោលថា «លោកជាជនរងគ្រោះ រត់គេចខ្លួន ព្រោះខ្លាចគេតាមធ្វើបាប មិនហ៊ានចូលផ្ទះទៀតផង» និងវាយប្រហារមន្ត្រីថេរសភាសង្ឃខេត្ត ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយ៉ាងខ្លាំង។ នេះបើតាមការលើកឡើងបន្ថែមពី ឯកឧត្តមរដ្ឋមន្រ្តី។

សូមជម្រាបថា លោក ផែង វណ្ណៈ បានចេញលិខិតសុំទោសជាសាធារណៈ ទទួលស្គាល់កំហុស និងបានចូលទៅថ្វាយបង្គុំសុំំខមាទោសចំពោះព្រះចៅអធិការវត្ត រាជបូណ៍ នាព្រឹកថ្ងៃទី២១ មីនា ផងដែរ។