ខេត្តកណ្ដាល៖ ម៉ោង ០៨:០០នាទីព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ ២០២០ នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារបច្ចេកទេសក្រសួង បានចុះពិនិត្យ និងបញ្ជាការងារអន្តារាគមន៍ផ្ទាល់នៅលើបណ្តោយខ្នងទំនប់សណ្តស្ទឹងព្រែកត្នោត ដែលពេលនេះកំពុងប្រឈមដោយជំនន់ទឹកស្ទឹងព្រែកត្នោត លើភូមិសាស្រ្តភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ។
ស្ថានភាពទឹកជាក់ស្តែងនៅព្រឹកនេះ គឺកម្ពស់ទឹកនៅទ្វារទំនប់អាងទឹក៧មករាឡើងដល់កម្ពស់ ៨,៨០ ម៉ែត្រ ធៀបនឹងម្សិលមិញកើនឡើង ០,៤៥ម៉ែត្របន្ថែម បានលើសកម្ពស់ឲ្យប្រុងប្រយ័ត្ន ៧ម៉ែត្រ ធ្វើឲ្យកម្ពស់ទឹកក្នុងស្ទឹងជិតសេី្មនឹងខ្នងទំនប់នៅតាមទំនាបទីតាំងមួយចំនួន ។ ពេលនេះក្រុមការងារបច្ចេកទេសក្រសួង កំពុងខិតខំជួសជុលបិតរូងនាគដែលបានលេចចេញជាបន្តបន្ទាប់ ដោយប្រើប្រាស់គ្រឿងចក្រកាយដីលើក និងបង្ហាប់ទំនប់ ព្រមទាំងច្រកបាវខ្សាច់ទប់លើកកម្ពស់ខ្នងទំនប់ និងជាការចូលរួមបន្ថែមរបស់ក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តមរដ្ឋមន្រ្តីបានឧបត្ថម្ភសំបកបាវចំនួន ៣០០០ បាវដល់សង្កាត់ទាំង០៣ ជូនលោកស្រី គឹម ញឹម អភិបាលខណ្ឌដង្កោ ដើម្បីចូលរួមទប់ស្កាត់លំហូរទឹកលើតួទំនប់ទៅផ្នែកខាងក្រោមដែលអាចបង្កការលិចលង់ដល់លំនៅឋានប្រជាពលរដ្ឋ ។
ចាប់តាំងពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ ក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយមបានប្រើប្រាស់គ្រឿងចក្រចំនួន ២៧គ្រឿង និងកម្លាំងពលកម្មប្រចាំការ២៤ម៉ោង និងជាពិសេសតាំងពីយប់ម្សិលមិញដល់វេលាថ្ងៃត្រង់នេះ ក្រុមការងារក្រសួងបានខិតខំអន្តរាគមន៍រហូតគ្រប់គ្រងសភាពការណ៍ស្ថានភាពទឹកជំនន់យាយីបានទាំងស្រុងមកវិញ ។
សូមបញ្ជាក់ជូនថា នាពេលដ៏ខ្លីខាងមុនក្រសួងធនធានទឹក និងឧតុនិយម នឹងចាប់ផ្តើមអនុវត្តគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ ដែលទទួលបានជំនួយហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ៕