រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២២ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោកស្រី Ophile BOURHIS នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ប្រចាំកម្ពុជា ដែលនឹងត្រូវចប់បេសកកម្មការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ ចូលជួបជម្រាបលា និងលោកស្រី Sandrine Boucher នឹងត្រូវមកទទួលការងារជានាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ថ្មីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ស្តីពីការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម នាទីស្ដីការក្រសួង ។

ក្នុងឱកាសនេះ ឯកឧត្ដមរដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងធនធានទឹក និងឧតុនិយម សំដែងនូវការសោកស្តាយដែលបានទទួលដំណឹងថា លោកស្រី Ophile BOURHIS នឹងចប់បេសកកម្មការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជានាខែក្រោយនេះ ។ ទន្ទឹមនេះ ក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើនដែលលោកស្រីសម្រេចបានក្នុងអាណត្តិបំពេញបេសកម្មនៅទីនេះ ជាពិសេស គឺការធ្វើឲ្យកាន់តែប្រសើរនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ដែលមានទំនាក់ទំនងល្អជាប្រវត្តិសាស្ត្រយូរលង់មកហើយ និងសូមកោតសរសើរចំពោះការគាំទ្ររបស់រដ្ឋាភិបាលបារាំងតាមរយៈ AFD ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាលើការអភិវឌ្ឍវិស័យធនធនទឹក ។

លោកស្រី Sandrine Boucher ដែលនឹងត្រូវមកទទួលការងារថ្មីនាពេលខាងមុខនេះ បានបង្ហាញនូវសេចក្តីរីករាយ ដោយបានជួបពិភាក្សាការងារដោយផ្ទាល់ជាមួយឯកឧត្តមរដ្ឋមន្រ្តី នាពេលនេះ និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារលើវិស័យធនធានទឹក និងឧតុនិយម ដែលក្រសួងសម្រេចបាន ក៏ដូចជាកិច្ចការបន្តដែលត្រូវអនុវត្តក្នុងបេសកកម្មរួមចំណែកដល់ការអភិវឌ្ឍ និងការរីកលូតលាស់សេដ្ឋកិច្ចប្រទេសកម្ពុជាឲ្យបានកាន់តែប្រសើរថែមទៀត និងបានបង្ហាញនូវការប្តេជ្ញាចិត្តបន្តរួមចំណែកជួយ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាវិស័យធនធានទឹក មានការវិវត្តន៍រីកចម្រើនតទៅមុខ ។

សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការដែល AFD ក៍ដូចជាសហគមន៍អឺរុប (EU) បាននឹងកំពុងគាំទ្រលើគម្រោងកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា (WAT4CAM) ជំហានទី ១ ដែលបានអនុវត្តកាលពីឆ្នាំ ២០១៩ លើការងារកែលំអ និងជួសជុលស្តារឡើងវិញនូវព្រែកចំនួន ១៥ ក្នុងខេត្តកណ្តាល បានបញ្ចប់ជាស្ថាពរ, ការងារសាងសង់ប្រព័ន្ធធារាសាស្ត្រកង្ហតប្លុក A+B ក្នុងខេត្តបាត់ដំបង ការងារសម្រេចបានប្រមាណ ៣០% និងការងារសាងសង់ប្រព័ន្ធធារាសាស្ត្រសករាជ និងអូរកំបោរ ក្នុងខេត្តព្រះវិហារ ការងារសម្រេចបានប្រមាណ ១១% នៃផែនការសាងសង់ ។ ជាមួយគ្នានេះ ៣ កិច្ចសន្យានៃអនុគម្រោងបានដេញថ្លៃរួចរាល់ និងកំពុងបន្តកិច្ចដំណើរការចុះហត្ថលេខា ហើយ ៦ អនុគម្រោងកំពុងដំណើរការដេញថ្លៃ ។

ទន្ទឹមនឹងនេះដែរ ដើម្បីបន្តកិច្ចដំណើរការជំហានទី ២ ភាគីទាំងពីរបានផ្តោតលើការរៀបចំគម្រោងអនុត្តរភាពប្រព័ន្ធធារាសាស្ត្រមួយចំនួននៅក្នុងខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ បាត់ដំបង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ កណ្តាល និងខេត្តកំពង់ស្ពឺ ។