សៀមរាប៖ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយ មន្ត្រីសុខាភិបាល អាជ្ញាធរមូលដ្ឋាន បានចុះចែកឱសថ (Lianhua Qingwen Jiaonang) ជូនដល់ប្រជាពលរដ្ឋដែលស្ថិតក្នុងតំបន់ត្រូវបិទខ្ទប់ក្នុង សង្កាត់ជ្រាវ ក្រុងសៀមរាប ដែលកំពុងទទួលការរីករាលដាល នៃជំងឺកូវីដ១៩។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ជាគោលការណ៍របស់រដ្ឋាភិបាលកម្ពុជា ជារួមនិងជាពិសេស នៅខេត្តសៀមរាប នាពេលនេះ គឺមន្ត្រីនិងអាជ្ញាធរមានសមត្ថកិច្ចយើង ត្រូវផ្ដល់ឱសថព្យាបាលនេះ ដល់បងប្អូនប្រជាពលរដ្ឋយើង នៅក្នុងភូមិសាស្ត្រសង្កាត់ស្លក្រាម សង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់ជ្រាវ ដែលរដ្ឋបាលខេត្តសម្រេចកំណត់ជា "តំបន់ក្រហម"

ឯកឧត្តម ក៏បានផ្ដល់អនុសាសន៍ថា៖ ការប្រយុទ្ធប្រឆាំងការរីករាលដាលកូវីដ-១៩ គឺទីមួយ ត្រូវចូលរួមចាក់ថ្នាំបង្ការទាំងអស់គ្នា និងទីពីរ ការអនុវត្តន៍វិធានការ ៣កុំ ៣ការពារ គឺជាវិធីដែលមានប្រសិទ្ធិភាព។ 

វិធានការ ៣កុំ គឺសំដៅលើកុំចាប់ដៃគ្នា កុំទៅកន្លែងណា ដែលមានមនុស្សច្រើន កុំនៅក្នុងបន្ទប់បិទជិត គ្មានខ្យល់ចេញចូល។ ចំណែក ៣ការពារ គឺត្រូវនាំគ្នាពាក់ម៉ាស់ឲ្យបានគ្រប់គ្នា និងគ្រប់ទីកន្លែង, ត្រូវលាងសម្អាតដៃជាមួយអាល់កុល ឬជែលជាប្រចាំ និងឲ្យបានញឹកញាប់, ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល៕