ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចុះពិនិត្យគម្រោងលំហាច មានទីតាំងស្ថិតនៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃសុក្រ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ រួមដំណើរដោយឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីបច្ចេកទេសរបស់ក្រសួង រួមជាមួយគណៈអភិបាលខេត្តកំពង់ឆ្នាំង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ។
គម្រោងលំហាច ជាអនុគម្រោងមួយ ក្នុងចំណោមអនុគម្រោងទាំង ៦ នៃគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិចបឹងទន្លេសាប ក្រោមហិរញ្ញប្បទានសម្បទានរបស់ប្រទេសជប៉ុន ។ គម្រោងនេះ បានចាប់ផ្តើមធ្វើការសាងសង់កាលពីខែមីនា ឆ្នាំ២០១៦ ហើយគ្រោងនឹងបញ្ចប់នៅចុងខែធ្នូ ឆ្នាំ២០២០ ។ គិតមកដល់ថ្ងៃនេះ ការងារសម្រេចបានប្រមាណ ៨៤,៧ % លើទំហំការងារសរុបរបស់គម្រោង ។
ទំហំការងារដែលបាន និងកំពុងអនុវត្ត រួមមាន ៖
១- សំណង់ក្បាលហុងទឹក (Headworks) ចំនួន ០១ កន្លែង សម្រេចបានប្រមាណ ៩៨ % ។
២- សំណង់នាំទឹក (Intake) ចំនួន ០១ កន្លែង សម្រេចបាន ១០០ % ។
៣- សាងសង់ប្រឡាយមេបេតុង ចំនួន ០១ ខ្សែ ស្មើនឹងប្រវែង ១៦,៤០ គីឡូម៉ែត្រ សម្រេចបាន ៧០ % ។
៤- សាង់សង់ប្រឡាយថ្នាក់ទី ២ បេតុង ចំនួន ១៣ ខ្សែ ស្មើនឹងប្រវែង ៤២,៥០ គីឡូម៉ែត្រ ។
៥- សាងសង់ប្រឡាយដោះទឹក ចំនួន ១៥ ខ្សែ ស្មើនឹងប្រវែង ៥២,៩០ គីឡូម៉ែត្រ សម្រេចបាន ៨៥ % ។
៦- សាងសង់ប្រឡាយថ្នាក់ទី ៣ ចំនួន ៩៤ ខ្សែ ស្មើនឹងប្រវែង ៦២ គីឡូម៉ែត្រ សម្រេចបាន ១០០ % ។
៧- សាងសង់សំណង់សិល្បការសរុបចំនួន ៥៥៧ កន្លែង សម្រេចបានប្រមាណ ៩៧ % ។
៨- សាងសង់សំណង់អគារសហគមន៍កសិករប្រើប្រាស់ទឹក ចំនួន ០១កន្លែង សម្រេចបាន ១០០ % ។
បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ អនុគម្រោងលំហាច អាចផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សាបាន ចំនួន ៣.២៨៩ហិកតា ។
ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូននូវអ្វី ដែលជាលក្ខណៈបច្ចេកទេសនៃប្រព័ន្ធធារាសាស្ត្រ ដែលក្រសួង បាន និងកំពុងអនុវត្តនាពេលបច្ចុប្បន្នទៅតាមស្ថានភាពភូមិសាស្ត្រជាក់ស្ដែង ដូចជាអនុគម្រោងលំហាចនេះជាដេីម គឺជាសំណង់ប្រព័ន្ធធារាសាស្រ្តថ្មីមួយទៀតដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលមិនត្រឹមតែសម្រាប់បម្រើឲ្យការងារស្រោចស្រពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋប្រមាណជាង ១ ពាន់គ្រួសារ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកបរិបូណ៌ ទឹកផុស និងស្រុករលាប្អៀររបស់ខេត្តកំពង់ឆ្នាំង ក៏បានទទួលផលពីអនុគម្រោងនេះ ផងដែរ ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ដល់ក្រុមការងារឲ្យស្វះស្វែងរកមេីលការងារណា ដែលប្រេីប្រាស់សាច់ប្រាក់ពលកម្ម សម្រាប់ផ្តល់ការងារជូនដល់កម្មករ កម្មការិនី ដែលពុំមានការងារធ្វើដេីម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃក្នុងដំណាក់កាលជំងឺកូវីត១៩នេះ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ។
សមិទ្ធផលទាំងអស់នេះ បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយចាប់ផ្តើមពីការស្តារ មកកសាង និងអភិវឌ្ឍន៍ ហើយឈានទៅធ្វើការពង្រីក និងពង្រឹងសមត្ថភាពគ្រប់គ្រងទឹក ដើម្បីធានាដល់ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផលស្រូវ ដំណាំគ្រប់ប្រភេទ និងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ដែលជាផ្នែកមួយជួយលើកស្ទួយដល់គោលនយោបាយជាតិ ស្តីពីសន្តិសុខស្បៀងប្រកបដោយប្រសិទ្ធភាព និងយុទ្ធសាស្ត្រ នាំស្រូវ អង្ករចេញរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលនៃការប្រែប្រួលអាកាសធាតុ ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏សូមថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលជានិច្ចកាលតែងជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធស្ទើរគ្រប់វិស័យ និងបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារអនុវត្តគម្រោងកែលំអ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិចបឹងទន្លេសាប មន្ទីរធនធានទឹក និងឧតុនិយម និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ជាមួយនឹងលទ្ធផលការងារដែលសម្រេចបានទៅតាមផែនការដែលបានគ្រោងទុក និងសូមប្រកាន់ខ្ជាប់នូវអនាម័យ តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ចំពោះរលកទី២ នៃជំងឺកូវីត ១៩ ៕