ភ្នំពេញ៖  នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការបន្ដផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រហូតដល់ថ្ងៃទី ២២ឧសភា ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីឈានទៅគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

រដ្ឋបាលរាជធានីភ្នំពេញ បានចេញគោលការណ៍ណែនាំចំនួន៣ ដូចខាងក្រោម៖

១៖ គ្រប់ទីផ្សារ ដេប៉ូចែកចាយភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ត្រូវបន្តផ្អាកជាបណ្តោះអាសន្ននូវការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេល២(ពីរ) សប្តាហ៍បន្ថែមទៀត គិតចាប់ពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ។

២៖ បុគ្គលទាំងឡាយណាដែលបន្តលក់ដូរ ចែកចាយ និងចរាចរណ៏គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងអំឡុងពេលនៃការហាមឃាត់នេះ នឹងត្រូវទទួលទោស ដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

៣៖ រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ត្រូវសហការចុះត្រួតពិនិត្យតាមបណ្តាគោលដៅទីផ្សារ ដេប៉ូចែកចាយភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ដើម្បីអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះ។ 

ក្នុងករណីរកឃើញថា គណៈគ្រប់គ្រងផ្សារ ម្ចាស់ដេប៉ូ ឬម្ចាស់អាជីវកម្មដ្ឋានណាមួយមិនព្រមសហការ ឬ មីនអនុវត្តតាមសេចក្តីណែនាំនេះ ត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ដោយគ្មានការលើកលែងឡើយ៕