រាជធានីភ្នំពេញ៖ គ្រឹះស្ថានរដ្ឋ និងឯកជនទាំងអស់នឹងបើកដំណើរការឱ្យសិស្សានុសិស្សបានចូលរៀនវិញ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ ក្រោយពីខកខានអស់រយៈពេលជាង៧ខែ ដោយសារការរាតត្បាតជម្ងឺកូវីដ-១៩។ ការបើកគ្រឹះស្ថានសិក្សាឱ្យសិស្សានុសិស្សបានចូលរៀនឡើងវិញនេះ លុះត្រាតែគ្រឹះស្ថានទាំងនោះបានបំពេញលក្ខន្តិកៈគ្រប់គ្រាន់របស់ក្រសួងសុខាភិបាល ដែលជឿបានថាមិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference) ជាមួយអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ មន្ទីរសុខាភិបាល និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត នារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ។
ទន្ទឹមនឹងនេះ ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញត្រូវសហការជាមួយមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ ដើម្បីធ្វើតេស្តិ៍រហ័ស ទៅលើគ្រូបង្រៀន បុគ្គលិកសិក្សាទាំងអស់ ដោយត្រូវចាប់ផ្ដើមអនុវត្តការងារនេះចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ។ បើអនុវត្តតាមលក្ខន្តិកៈបានល្អប្រសើរហើយនោះ គ្រឹះស្ថានសិក្សានោះនឹងដំណើរការសិក្សាឡើងវិញបាន។
ឯកឧត្តមបញ្ជាក់ផងដែរថា ចំពោះគ្រឹះស្ថានសិក្សាឯកជនទាំងអស់គឺត្រូវធ្វើពាក្យស្នើសុំ បើកគ្រឹះស្ថានសិក្សារបស់ខ្លួនឡើងវិញ មករដ្ឋបាលរាជធានីភ្នំពេញ ហើយក្រោយពីរដ្ឋបាលរាជធានីភ្នំពេញពិនិត្យឃើញថា បានបំពេញនូវលក្ខន្តិកៈដែលរដ្ឋបាលរាជធានីភ្នំពេញជំរុញឱ្យអនុវត្តបានល្អប្រសើរហើយនោះ គ្រឹះស្ថានទាំងនោះនឹងទទួលបានការអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យបើកដំណើរការសិក្សាជាធម្មតាឡើងវិញ។