រាជធានីភ្នំពេញ៖ កំណាត់ផ្លូវប្រវែងជាង៦គីឡូម៉ែត្រទទឹង១២ម៉ែត្រឆ្លងកាត់ខណ្ឌចំនួន៣ក្នុងរាជធានីភ្នំពេញ ដែលជាចំណងដៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនប្រជាពលរដ្ឋនៅជាយក្រុងត្រូវបានរដ្ឋបាលរាជធានីភ្នំពេញបើកការដ្ឋានជួសជុលឡើងវិញក្រោយពីកំណាត់ផ្លូវនេះបានទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក។ ពិធីបើកការដ្ឋាននេះត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី ១២ ខែវិច្ឆិកាឆ្នាំ២០២១នេះក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅភូមិស្រែរាជ្ជៈសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ក្រោយផ្ទុះព្រឹត្តិការណ៍ជំងឺកូវីដ-១៩ ការដ្ឋានមួយចំនួនត្រូវបានផ្អាក ប៉ុន្តែក្រោយពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានសម្រេចបើកប្រទេសជាប្រក្រតីឡើងវិញនោះ ថ្ងៃនេះគឺជាការដ្ឋានទី១ហើយដែលរដ្ឋបាលរាជធានីភ្នំពេញ បានបើកដំណើរការស្ថាបនាផ្លូវមួយខ្សែប្រវែងជាង៦ គីឡូម៉ែត្រនេះឡើងវិញ។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបន្តទៀតថា កំណាត់ផ្លូវ១ខ្សែនេះ គឺជាចំណងដៃរបស់សម្ដេចតេជោហ៊ុនសែនជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ពិសេស បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់និងខណ្ឌចំនួន៣ ដែលមានដូចជាខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងខណ្ឌព្រែកព្នៅ។
ឯកឧត្ដម ឃួង ស្រេង បន្តទៀតថា សម្តេចតេជោមិនត្រឹមតែរំដោះប្រទេសជាតិពីចំណុចសូន្យនិងធ្វើការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនរុងរឿងប៉ុណ្ណោះទេ។ តែសម្ដេចនូវបានគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ថែមទៀត។ ជាក់ស្តែងនៅដំណាក់កាលនៃការរីករាលដាលជំងឺកូវី-១៩នេះ សម្ដេចបានខិតខំស្វះស្វែងគ្រប់មធ្យោបាយដើម្បីរកវ៉ាក់សាំងការពារកូវីដ-១៩ មកចាក់ជូនបងប្អូនប្រជាពលរដ្ឋអោយបានគ្រប់គ្នានៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងនេះផងដែរ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងទាំងដូសទី១ ដូសទី២ និងដូសជំរុញ ហៅដូស
ទី៣សូមទៅទទួលការចាក់វ៉ាក់សាំងនៅតាមមណ្ឌលសុខភាពនានានៅក្នុងខណ្ឌរបស់ខ្លួន ហើយអាជ្ញាធរខណ្ឌទាំង១៤ក៏ត្រូវតែជួយសម្រួលទៅដល់បងប្អូនប្រជាពលរដ្ឋដើម្បីបានទទួលការចាក់វ៉ាក់សាំងនេះឲ្យបានគ្រប់ៗគ្នា។
ក្នុងឱកាសនោះដែរលោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានមានប្រសាសន៍លើកឡើងថា
កំណាត់ផ្លូវ១ខ្សែដែលបានបើកការដ្ឋានជួសជុលខាងលើនេះមានប្រវង៦.៤៩០ម៉ែត្រនៅក្នុងភូមិសាស្ត្រអន្តរខណ្ឌគឺ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ សង្កាត់ស្ងោរ ខណ្ឌកំបូល និង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ដោយគិតចាប់ពីមហាវិថី ឈ្នះឈ្នះ ភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដល់ផ្លូវលេខ៤២ ភូមិន្នំ សង្កាត់ពន្សំាង ខណ្ឌព្រែកព្នៅ ជាផ្លូវដី (កាលពីមុនស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ)។
លោកអភិបាលខណ្ឌបន្តថា នៅក្នុងឆ្នាំ ២០១៩ និងឆ្នាំ២០២០ ដោយបញ្ហាជំនន់ទឹកភ្លៀងបានធ្វើអោយកំណាត់ផ្លូវនេះទទួលរងការខូចខាតធ្ងន់។ដោយមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានលើកផែនការជួសជុលផ្លូវនេះក្នុងគម្រោងអភិវឌ្ឍន៍រាជធានីភ្នំពេញ សម្រាប់ឆ្នាំ ២០២០ ប៉ុន្តែដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ គម្រោងភាគច្រើន ត្រូវបានផ្អាក ដោយបង្វែរថវិកាទៅប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩វិញ។
សម្រាប់ឆ្នាំ២០២១នេះឯកឧត្ដម ឃួង ស្រេង ក៏បានសម្រេចជាគោលការណ៍ បើកការរដ្ឋាន ជួសជុលផ្លូវខាងលើនេះ ឡើងវិញជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានសាច់ផ្លូវទំហំ១២ ម៉ែត្រ និងដាក់ប្រព័ន្ធលូសងខាងផ្លូវផងដែរ៕