ភ្នំពេញ ៖ បើទោះជាពិភពលោកកំពុងប្រឈមនឹងបញ្ហាជំងឺឆ្លង ដែលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចយ៉ាងណា សម្រាប់ការអភិវឌ្ឍន៍វិស័យសំណង់ ក្រោមការវិនិយោគពីវិស័យឯកជននៅកម្ពុជា នៅតែបន្តសកម្មភាព ជាពិសេសការអភិវឌ្ឍន៍វិស័យលំនៅដ្ឋាន។ 

ជាមួយនឹងសកម្មភាពអភិវឌ្ឍន៍វិស័យលំនៅដ្ឋានយ៉ាងផុសផុល ពីសំណាក់វិស័យឯកជន លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះថា គ្រប់ការអភិវឌ្ឍ និងសាងសង់សំណង់នៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមតំបន់ផ្សេងៗ សុទ្ធតែជាការចូលរួមចំណែកក្នុងការអភិវឌ្ឍ និងពង្រឹងកំណើនសេដ្ឋកិច្ចជាតិយ៉ាងសំខាន់។ 

លោកបានបញ្ជាក់ថា “ការអភិវឌ្ឍនូវគម្រោងសាងសង់នានា បានឆ្លុះបង្ហាញពីភាពជោគជ័យថ្មីនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំទាក់ទាញការវិនិយោគទាំងក្នុង និងក្រៅប្រទេស ជាពិសេស ការខិតខំបង្កើននូវទំនុកចិត្ត និងជំនឿជឿជាក់ជូនដល់វិនិយោគិន ធុរជន ក្នុងវិស័យអចលនទ្រព្យដែលកមពុងបោះជំហានទៅមុខយ៉ាងលឿនស្របទៅនឹងកំណើននៃចំណូលប្រចាំខែរបស់ពលរដ្ឋម្នាក់ៗ សំដៅរួមចំណែកជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍឱ្យកាន់តែមានភាពស៊ីវិល័យ”។ 

លោកបានមានប្រសាសន៍បន្តទៀតថា “ចំពោះវិស័យអចលនទ្រព្យនៅកម្ពុជា រាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍផ្នែកទន់ ដើម្បីគាំទ្រដល់ដំណើរការនៃការអភិវឌ្ឍផ្នែករឹង ដែលត្រូវនាំមុខដោយវិស័យឯកជន តាមរយៈការកសាងនូវលិខិតបទដ្ឋានគតិយុត្តសំខាន់ៗបម្រើដល់វិស័យមួយនេះ ដូចជាច្បាប់សំណង់ ការគ្រប់គ្រងបុរី ការផ្តល់វិញ្ញាបនបត្រវិជ្ជាជីវៈ អាជ្ញាបណ្ណផ្នែកសេវាវាយតម្លៃ និងសេវាកម្មអចលនវត្ថុ រួមជាមួយនឹងសេចក្ដីប្រកាសស្ដីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ជាដើម”។ 

លោកអភិបាលរង បានបន្តទៀតថា “សម្រាប់វិស័យឯកជនដែលជាម្ចាស់គម្រោងសាងសង់នានា ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ សូមមេត្តាជួយថែរក្សា និងប្រើប្រាស់ឱ្យចំទិសដៅនូវរាល់សមិទ្ធផលទាំងឡាយរបស់រដ្ឋ ដើម្បីជាប្រយោជន៍រួមក្នុងគម្រោងអភិវឌ្ឍន៍របស់ខ្លួនផង និងដើម្បីចូលរួមការពារហេដ្ឋារចនាសម្ព័ន្ធនាន សម្រាប់ជាមរតកដល់មនុស្សជំនាន់ក្រោយ”។

រាជធានីភ្នំពេញនាពេលបច្ចុប្បន្ន បាន និងកំពុងជំរុញការអភិវឌ្ឍដោយផ្តោតយ៉ាងសំខាន់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាផ្លូវថ្នល ស្ពាន ប្រព័ន្ធប្រឡាយ បណ្តាញទឹកស្អាត បណ្តាញអគ្គិសនី បណ្តាទូរគមនាគមន៍ ការកែលម្អសួនច្បារសាធារណៈ ផ្លូវក្រោមដី ស្ពានអាកាស ដែលសមិទ្ធផលទាំងអស់នេះបានក្លាយជាធាតុយ៉ាងសំខាន់ដើម្បីបង្កើនទំនុកចិត្តដល់វិនិយោគិនទាំងក្នុង និងក្រៅប្រទេសឱ្យចូលមកបណ្តាក់ទុនវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ៕

លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ