ខេត្តព្រៃវែង៖ បុរស០២នាក់ដែលបានរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័កនៅខេត្តព្រៃវែង ពេលនេះសមត្ថកិច្ចបាននាំខ្លួនមកវិញហើយ។

យោងតាមផេកហ្វេសប៊ុករបស់ទូរទស្សន៍ជាតិកម្ពុជា(ទទក) នៅព្រឹកថ្ងៃទី០៤ ខែសីហានេះផ្សាយថា កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ព្រំ សន្ធរ ស្នងការនគរបាលខេត្តបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដោយបានរកឃើញ និងបានធ្វើការអប់រំណែនាំនិងក៏បាននាំខ្លួនមនុស្សទាំង២នាក់នេះ ត្រឡប់មកកន្លែងធ្វើចត្តាឡីស័កវិញ ។

គួរបញ្ជាក់ផងដែរថា «​ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ បុរស២នាក់ទើបត្រឡប់មកពីប្រទេសម៉ាឡេស៊ី បានរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័ក។ បុរស់ទាំង០២នាក់នេះទី១៖ឈ្មោះ កំសត់ វិស័យ អាយុ២១ឆ្នាំ និងទី២៖ឈ្មោះ ចន កំសាន អាយុ៣២ឆ្នាំ »

គួរជម្រាបថាបុគ្គលទាំពីរខាងលើ ត្រូវបានមន្ដ្រីសុខាភិបាលយកសំណាកទៅពិនិត្យចំនួន៣លើកមកហើយក្រោយពីពួកគេត្រឡប់មកពីប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ពោលនៅថ្ងៃទី២៣, ២៦, ២៩កន្លងទៅ ហើយនៅថ្ងៃទី០៦ខែសីហា នឹងត្រូវយកសំណាកទៅពិនិត្យបន្ដទៀតប៉ុន្ដែស្រាប់តែពួកគេរត់ចេញនៅថ្ងៃនេះតែម្ដង។

សូមបញ្ជាក់ជូនថា កន្លងទៅក៏ធ្លាប់មានករណីអ្នករត់ចេញពីមណ្ឌលធ្វើចត្ដាឡីស័កផងដែរប៉ុន្ដែត្រូវសមត្ថកិច្ចរកឃើញ នឹងនាំមកបន្ដតាមដានសុខភាពវិញរហូតដល់ថ្ងៃកំណត់ទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕