កម្ពុជា៖ យោធិនផ្ទាល់ ដែលមានរថយន្តចង្កួតស្ដាំពាក់ស្លាកលេខ ខ.ម. ដែលត្រូវការផ្លាស់ប្ដូរទៅចង្កួតឆ្វេង គឹអាចដាក់ពាក្យស្នើសុំ ដើម្បីទទួលបានការបន្ថូរបន្ថយតម្លៃនៃការផ្លាស់ផ្ដូរនេះ ពីក្រុមហ៊ុន ឯកជនរបស់លោកឧកញ៉ា តែ តាំងប៉។ នេះបើតាមសេចក្ដីជូនដំណឹងពីខុទ្ទកាល័យ កងទ័ពជើងគោក ដែលបានចេញ កាលពីថ្ងៃ​១៦ វិច្ឆិកា។

នេះជាលទ្ធផលដែលទទួលបាន ក្រោយពីមានកិច្ចពិភាក្សារវាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ជាមួយលោក ឧកញ៉ា តែ តាំងប៉ ដែលជាអគ្គនាយកក្រុមហ៊ុន S.T.P International (Cambodia) PUBLIC CO.,LTD ដើម្បីរកដំណោះស្រាយក្នុងការបញ្ចុះតម្លៃលើការប្ដូរចង្កូតរថយន្តពីស្ដាំមកឆ្វេង ដោយធានាបាននូវគុណភាព សម្ភារៈ លក្ខណៈបច្ចេកទេស និងស្ដង់ដារសុវត្ថិភាពរថយន្ត។

សេចក្ដីជូនដំណឹងដដែល គឺតម្រូវឲ្យយោធិនដែលមានបំណងទទួលបានការបញ្ចុះតម្លៃក្នុងការផ្លាស់ប្ដូរចង្កូតនេះ ត្រូវបំពេញបែបបទស្នើសុំមក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តាមឋានានុក្រម ដោយមានបំពេញនូវព័ត៌មានមួយចំនួនផងដែរ៕