សៀវភៅ​មាន​តម្លៃ​ជា​ច្រើន​ក្បាល​តម្រៀប​ដូច​ក្នុង​បណ្ណាល័យ​សិក្សា​ លើ​រទេះ​រុញ​តូច​មួយ ​ដែល​ហាក់​ដូច​អ្នក​ដឹក​សៀវ​ភៅ​ដើរ​លក់​តែ​តាម​ពិត​ លោក​ សិរី មុនី ដែល​ជា​ម្ចាស់​រទេះ​សៀវ​ភៅនេះ​ប្រាប់​ថា​៖ «ខ្ញុំ​ដឹក​សៀវ​ភៅ​ដើរ​រក​អ្នក​អាន​»។

លោក សិរី មុនី ដែល​មាន​វ័យ២៧ ឆ្នាំ មាន​មាឌ​ល្អិត​បន្តិច ​ជ្រោក​ក្រោម​ម្លប់​ឈើ​ ក្បែរ​រទេះ​សៀវ​ភៅ​នៅ​ក្បែរ​ម្តុំ​តៅ​ពីរ​ផ្តល់​បទ​សំភាសន៍​ជួន​ក្រមា​ប៉ុស្ដិ៍ ​ខណៈ​លោក​កំពុង​ឈប់​សម្រាក់​ថា​ លោក​ជា​អ្នក​ផលិត​កម្ម​វិធី​វិទ្យុនិង​អ្នក​យក​ព័ត៌មាន​ឱ្យ​ស្ថាប័ន​​ឯក​រាជ្យ​មួយ​ ហើយ​ដោយ​សារ​តែ ​មើល​ឃើញ​ថា​ មាន​តែ​ការ​អាន​ទេ​ដែល​អាច​ជម្រុញ​ឱ្យ​យើង​ចេះ​គិត​ពិចារ​ណា ​ត្រិះរិះ ថ្លឹ​ង​ថ្លែង​ ដោយ​មាន​បញ្ញា​ញ្ញាណ លោក​ក៏​ចំណាយ​ធន​ធាន​ផ្ទាល់​ខ្លួន​និង​ពេល​វេលា​ទំនេរ​ពី​ការ​ងា​រ ​ដើរ​រុញរ​ទេះ​សៀវ​ភៅ​នេះ​ ដែល​លោក​ដាក់​ឈ្នោះ​វា​ថា​ជា​បណ្ណាល័​យ​ចល័ត​។

លោក​ មុនី លើក​ឡើង​ថា​៖ «ខ្ញុំ​ដើរ​ដល់​កន្លែង​ណា ខ្ញុំ​អាន​សៀវ​ភៅ​កន្លែង​ហ្នឹង​ ហើយ​ក៏​ឃើញ​ថា​ ក៏​មាន​អ្នក​ឆ្លង​កាត់​មាន​ចម្ងល់​នឹក​ស្មាន​ថា​ខ្ញុំ​ដើរ​លក់​សៀវ​ភៅ​ ហើយ​ក៏​មាន​អ្នក​ខ្លះ​ទៀត​ មក​ចាប់​កាន់​ និង​អាន​សៀវភៅ​ទាំង​នេះ​ក្នុង​នោះ​មាន​ទាំង​ស្រ្តី​មេ​ផ្ទះ កម្មករ​សំណង់​ និង​សិស្ស​និសិ្សត​ជា​ច្រើន​ទាំង​នេះ​វា​ជំរុញ​ទឹ​ក​ចិត្ត​ខ្ញុំ​ ឱ្យ​ខិត​ខំ​បន្ថែម​ទៀត​»។​

ដោយ​សារ​មាន​ការ​ត​ស៊ូ និង​មាន​ចំនេះ​ដឹង​តាម​រយៈ​ការ​អាន​សៀវ​ភៅលោក​ មុនី បើ​ទោះ​ជា​កូន​កំព្រា​ ស្នាក់​នៅ​ក្នុង​វត្ត​តាំង​ពី​អាយុ ៧​ឆ្នាំនិង​គ្មាន​បងប្អូន​ សាច់​ញាតិ​នឹង​គេក៏ដោយ​ គាត់​នៅ​តែអាច​បន្ត​ការ​សិក្សា​រហូត​ដល់​ចប់​ថ្នាក់​បរិញ្ញា​បត្រ​ហើយ​ចេ​ញ​ធ្វើការ ​បំរើ​សង្គម​បាន​តាម​សមត្ថភាព​របស់​ខ្លួន​ហើយ​ទាំង​នេះ​ក៏​ដោយ​សារ​តែ​ ការ​ខិត​ខំ​រៀន​សូត្រ ជា​ពិសេស​ការ​អាន​សៀវ​ភៅ​។

កា​រ​អាន​ធ្វើឱ្យ​យើង​ចំរើន​នូវ​បញ្ញា​ស្មារ​តី ឱ្យ​យើង​មាន​ក្តី​សង្ឃឹម និង​មនសិកា​តស៊ូក្នុ​ង​ជីវិ​ត​ លោក មុ​នីបន្ត​ថា​៖ «ខ្ញុំ​ធ្លាប់​ដាច់​បាយ​ ហើយ​រហូត​ដល់​ហូ​ប​បាយ​ដែល​ផ្អូម​ តែ​ខ្ញុំ​មិន​ធ្លាប់​បោះ​បង់​ការ​អាន​សៀវ​ភៅ​ឡើយ​ សៀវ​ភៅ​ជា​មិ​ត្ត​ និង​ជា​ខ្នើយ​របស់​ខ្ញុំ​តាំង​តែ​ពី​ក្មេង​»។

ចាប់​ពី​ពេល​លោក​ផ្តើម ​ចូល​ធ្វើការ​តាំង​ពី​ឆ្នាំ២០០៣​ មក​ ជា​ពិធីក​រ​តាម​វិទ្យុ ​និង​អ្នក​ផលិតក​ម្ម​វិធី​វិទ្យុ ឆ្លង​ពី​ស្ថាប័ន​មួ​យ​ទៅស្ថា​ប័ន​មួយ​លោកក៏​ផ្តើម​មាន​គំនិត ​បរិច្ចាគ​វិញ​ជូន​ទៅ​ដល់​សង្គម​ តាម​រយៈ​ការ​ផ្តល់​ជំនួយ​ដល់​កុមារ​កំព្រា​តាម​អង្គ​ការ និង​តាម​ឧប​និស្ស័យ​ មិន​តែ​ប៉ុណ្ណោះ​ គឺ​ផ្តើម​ទំលា​ប់​ប្រមូល​សៀវ​ភៅ​។

មក​ដល់​ពេល​នេះ​ជាង​១០​ឆ្នាំ​មក​ហើយ​លោក​មាន​សៀវ​ភៅ​ជាង​ ១០០០​ក្បាល​ ខុស​ៗ​គ្នា ​ដូច​ជា​សៀវភៅ​រឿង​និទាន កំ​ណាព្យប្រ​វត្តិ​សាស្រ្ត ប្រ​លោម​លោក​ សៀវ​ភៅ​ច្បា​ប់ និង​ជា​ច្រើន​មុខ​ទៀត​ ដោយ​លោក​គិត​ថា​វា​ល្មម​ដល់​ពេល​គ្រប់​គ្រាន់​ សម្រាប់​លោក​ធ្វើ​បណ្ណា​ល័យ​ចល័ត​ហើយ​ លោក​ក៏​យក​ថវិកា​ប្រមាណ​ជាង​១០០ ដុល្លា​ ផលិត​រទេះ​រុញ​នេះដាក់​សៀវភៅ​ ​ ហើយ​ចាប់​ផ្តើម​រុញ​រទេះ​ទៅ​ក្រៅ តាម​ផ្លូ​វ​ណា​ដែរ​លោក​ចង់​ទៅ​និង​នឹង​ឈប់​សម្រា​ក់​កន្លែង​ណា ​ដែល​ចង់​សម្រាក់​ រួច​អាន​សៀវភៅ​លេង​ តាម​ចិ​ត្ត​ចង់​។

តាម​រយៈ​បទ​ពិសោធន៍​ការងារ​លោក​បាន​ធ្វើ​ដំណើរ​ទូ​ទាំង​ប្រទេស ​សង្កេត​ឃើញ​ថា​ប្រជាជន​ខ្មែរ​យើង​គ្រប់​កន្លែង​ខ្វះ​ទំលាប់​នៃ​ការ​អាន ហើយ​ខ្វះ​ព័ត៌​មាន ​ដែល​ជា​ហេតុ​នាំឱ្យ​សង្គម​មាន​វិបត្តិ​ទៅ​ថ្ងៃ​មុខ​ធ្ងន់​ធ្ងរ​បើ​ក្មេង​ជំនា​ន់​ក្រោយ​ យ​ក​តម្រាប់​តាម ​ដោយ​មិន​យក់​ចិត្ត​ទុក​ដាក់​អាន​សៀវ​ភៅ​។

លោក​ មុនី​ ពន្យល់​ថា​៖ «សៀវ​ភៅ​មិនមែន​ជា​បញ្ហា​ទេ ​តែម​ក​ពី​យើង​មិន​ បង្កើត​ទំលាប់​នៃ​ការ​អាន​ មិន​បង្កើត​បណ្ណាល័យ​អាន​សៀវ​ភៅនិង​មិន​ផ្តល់​សៀវភៅ​ដល់ ​អ្នក​អាន​ឱ្យ​បាន​គ្រប់​គ្រាន់​»។

លោក​ មុនី យល់​ឃើញ​ថា​ តាម​រយៈ​ការ​ធ្វើ​តេស្ត​របស់​លោក​ដោយ​អូល​រទេះ​សៀ​វភៅ ​ដើរ​តាម​សារ​ធារណៈ​ជាង​ ២​សប្តាហ៍មក​នេះ​ ទាក់​ទាញ​អ្នក​អាន​ជា​ច្រើន​និង​មាន​មនុស្ស​គ្រប់​វ័យ​ ចាប់​អារម្មណ៍​លើ​សៀវ​ភៅ​។ លោក​ បន្ត​ថា៖ «​បើ​ខ្មែរ​ជាង​១៥​លាន​នេះ ​អាន​សៀវ​ភៅ​ម្នាក់​តែ​មួយ​ទំព័រ​ក្នុង​មួយ​ថ្ងៃ​ នោះនឹ​ងមា​នកា​រផ្លា​ប់​ប្តូរ​ថ្មី​ហើយ​មិន​មែន​មក​ពី​ខ្មែរ ​ខ្ចិល​អាន​នោះ​ទេ​ នោះ​មក​ពី​ទំលាប់ ​ដែល​យើង​មិន​អា​ន​និង​ផ្នត់​គំនិ​ត​ដែល​យើង ​មិន​ទាន់​ទូលាយ​»។

ជា​ការ​ពិត​ ដែល​ការ​ចំណាយ​ពេល​របស់​លោក​ហាក់​គ្មាន​ផល​ប្រយោជន៍ និង​គ្មាន​ចំនូ​ល​ បង់​អាសា​រ​ តែ​លោក​ មុនី​ បក​ស្រាយ​ថា​៖«ទោះ​ជា​គ្មាន​ផល​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ​ តែ​ខ្ញុំ​ស​ប្បាយ​ចិត្ត​ បាន​ឃើញ​បង​ប្អូន​បាន​អាន​សៀវ​ភៅ​ល្អៗ​ហើយ​វា​ជាក​ម្លាំង​ចិ​ត្ត​ ព្រោះខ្ញុំ​ចាំបា​ន​ថា ពេ​លមួ​យ​ដែល​ខ្ញុំ​ក្រីក្រ ​សៀវ​ភៅបា​ន​ផ្លាស់​ប្តូរ​ជីវ​ភាព​របស់​ខ្ញុំ​ហើយ​សៀវ​ភៅបា​ន​បើក​ចិត្ត​ខ្ញុំ ​ចេះ​ចែក​រំ​លែ​ក​ ដូច​នេះ​ វា​គ្មាន​អ្វី​ដែល​ថា​ចំណេញ​ឬ​ខាត​ទេ​សម្រាប់​ខ្ញុំ ​សម្រាប់​ការងារ​របស់​ខ្ញុំ​ ព្រោះខ្ញុំ​មិន​ចង់​បាន​អ្វី​ពី​អ្នក​អាន​ផង​សូម​ឱ្យ​តែ​ពួក​គាត់​បាន​អាន​សៀវ​ភៅ​ទៅ​បាន​ហើយ​»។

លោក​ មុនី ​បន្តថា ​លោក​ក៏​ទទួល​កា​រ​បរិច្ចាគ​សៀវ​ភៅ​ពី​សប្បុ​រស​ជន​នានា​ដែរ​ ហើយ​នៅ​ថ្ងៃ​ខាង​មុខ​លោក​នឹ​ង​ពង្រីក ​បណ្ណាល័យ​ចល័ត​នេះ​ឱ្យ​បាន​កា​ន់​ច្រើន​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ហើ​យ​នឹង​អាច​មាន​អ្វី​លើស​ពី​បណ្ណា​ល័យ​ចល័ត​៕

អត្ថ​បទ​ដោយ​៖ សេង ធី