រាជធានីភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នាថ្ងៃ២៥ វិច្ឆិកា ឆ្នាំ២០២០នេះ ក្រោយពីច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ។
ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការផ្តល់ជាគំរូអាជីវកម្មថ្មីមួយប្រកបដោយប្រសិទ្ធិភាព និងភាពប្រកួតប្រជែងខ្ពស់ ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដែលសមស្របទៅនឹងបរិបទសេដ្ឋកិច្ចឌីជីថល និងលក្ខខណ្ឌតម្រូវការទីផ្សារក្នុងស្ថានភាពកូវីដ-១៩ និងក្រោយជំងឺកូវីដ-១៩។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា៖ ឯកសារយុទ្ធសាស្ត្រនេះនឹងក្លាយជាឯកសារចម្បងមួយក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាពិសេសក្នុងការប្រែក្លាយកម្ពុជាទៅជាសេដ្ឋកិច្ចឌីជីថលនាពេលអនាគត ក៏ដូចជារួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជាក្នុងការវិវត្តន៍ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។
សូមបញ្ជាក់ផងថា យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ទាំងអស់មាន១០ជំពូក ដូចជា៖ ១) យុទ្ធសាស្ត្រ/គោលនយោបាយ និងផ្នែកសម្របសម្រួលស្ថាប័ន, ២) ក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិ, ៣) បទបញ្ញត្តិសម្រាប់សហគ្រាសធុនតូច និងមធ្យម, ៤) ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា និងទូរគមនាគមន៍, ៥) ហេដ្ឋារចនាសម្ព័ន្ធជំនាញឌីជីថល, ៦) ប្រព័ន្ធទូទាត់, ៧) ភស្តុភារកម្មពាណិជ្ជកម្មក្នុងស្រុក, ៨) ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន, ៩) ការទទួលបានហិរញ្ញប្បទាន និង ១០) ពត៌មានពាណិជ្ជកម្ម និងការគាំទ្រទីផ្សារ៕