ក្នុងវ័យ ៣៦ឆ្នាំ លោក ហែម ហេម៉ាជាម្ចាស់អាជីវកម្មបោកអ៊ុត ដែលមានស្លាកយីហោ «បោកអ៊ុតទំនើប» និងមានច្រើនជាង ១៧០សាខា ទូទាំងប្រទេសនោះបាននិយាយថាទម្រាំឈរខ្លួនបានរឹងមាំដូចថ្ងៃនេះ លោកធ្លាប់​​ឆ្លងកាត់​ការ​បរាជ័យ​នៃ​មុខ​ជំនួញ​របស់​លោក​មិន​តិច​ជាង​ ១០​ ដង​ឡើយ​ គឺមានតែអាជីវកម្មហាង​បោកអ៊ុត​ទំនើប​ ដែល​ជា​របរ​តែ​មួយ​គត់ ដែលបាន​រួម​ដំណើរ​ជាមួយ​លោក​រហូត​មក​ទល់​សព្វ​ថ្ងៃ​។

លោក ហេម៉ា ធ្លាប់បានប្រកបអាជីវកម្មជាច្រើន រួមមាន​របរ​លក់​ទូរស័ព្ទ​ដៃ​ លក់​កុំព្យូទ័រ​ហាង​អ៊ីនធឺណេត​ សាលា​ភាសា​ជប៉ុន​ រោងពុម្ព​ហាង​កាហ្វេ​ ​ភោជនីយដ្ឋាន​​ហាង​ម៉ាស្សា​ ​ផ្សារ​ក្រោម​ថ្មីដែល​មានជាង​៤០០​តូប​ អង្គការ​មូលនិធិ​ ប៉ុន្ដែអាជីវកម្មទាំងនេះ មិនទទួលបានជោគជ័យដូចការរំពឹងទុកនោះទេ។ ទោះជាបានឆ្លងកាត់ការបរាជ័យ ជាច្រើនលើកច្រើនសារក៏ដោយ លោក ហេម៉ា មិនបានរាថយ ក្នុងការប្រកបអាជីវកម្មថ្មីនោះដែរ។

ក្នុងឆ្នាំ ២០០៦ លោក បានចាប់ផ្ដើមអាជីវកម្ម​បោកអ៊ុត​ ជាលើក​ដំបូង​​ដោយចំណាយ​ទុន​ដំបូង​ជាង​ ១៥០០០​ ដុល្លារ​ រហូតដល់ក្នុង​ឆ្នាំ​ ២០១០​លោក​ ហេម៉ា ​បាន​សម្រេច​ចិត្ត​បើក​សាខា​ទី២​​ ទៅ​ដល់​ក្រុងភ្នំពេញ​ បើកសាខា​ទី៣​ ឡើង​ដល់​សាខាទី៦​ ​និងកើនឡើងជាបន្តបន្ទាប់រហូតទទួល​បាន​ជោគ​ជ័យ​ខ្លាំង​ក្នុង​ឆ្នាំ​ ២០១៣​ ហើយ​ឥឡូវ​នេះ​ គាត់​មាន​សាខាច្រើនជាង ១៧០សាខាទូទាំងប្រទេសកម្ពុជា និងនៅក្នុងប្រទេសវៀតណាមផងដែរ។

លោក ហេម៉ា ទទួលបាន ១០០០ដុល្លារ ក្នុងមួយឆ្នាំ ក្នុងការលក់កម្មសិទ្ធបញ្ញាទៅអោយអ្នកចែកចាយបន្ត ហើយកិច្ចសន្យាទៀតសោត គឺធ្វើឡើងរាល់៥ឆ្នាំម្តង ដោយធានាសងថ្លៃដើមចំពោះសាខាណាមួយដែលខាតដើម ក្នុងកំឡុងពេលកិច្ចសន្យា ម្យ៉ាងរាល់ការដំឡើងសម្ភារៈទាំងអស់គឺគាត់ជាអ្នកទទួលខុសត្រូវរៀបចំទាំងអស់។

មាន​ស្រុក​កំណើត​នៅ​ស្រុក​ ​ស្ទឹងសែន​ ខេត្ត​កំពង់ធំ​​លោក​ ហេម៉ា​បាន​និយាយ​ថា​ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ការលក់កម្មសិទ្ធបញ្ញា យីហោ បោកអ៊ុតទំនើប កាន់តែមានការកើនឡើងនិងមានភាពល្បីល្បាញទូទាំងប្រទេស រហូតដល់ប្រទេសវៀតណាមផងដែរនោះធ្វើឲ្យលោកមើលឃើញពីឱកាសនៃការបញ្ចៀតចូលថ្មីបន្ថែម ទៅក្នុងទីផ្សារអាជីវកម្មបោកអ៊ុតនេះដោយការផលិត ផលិតផលលាងសម្អាតជាច្រើនមុខ។

អតីតនិស្សិតផ្នែកគ្រប់គ្រងរូបនេះបន្តថា ដោយសារការរីកចម្រើនរបស់យីហោបោកអ៊ុតទំនើប បានធ្វើឲ្យមានការទាក់ទាញពីបណ្តាក្រុមហ៊ុនជាច្រើន រួមមាន ថៃ ជប៉ុនតៃវ៉ាន់ ជាដើមនោះ ទាក់ទងឲ្យលោកចូលរួមការបណ្តុះបណ្តាលផ្នែកផលិតសាប៊ូ និងផលិតផលជម្រះមូយចំនួនទៀត។ បូករូមជាមួយនឹងបទពិសោធន៍ជិត១០ឆ្នាំក្នុងអាជីវកម្មនេះផង លោកបង្កើតបានផលិតផលសម្អាតជាង២០មុខហើយ ដែលមានយីហោ« បោកអ៊ុតទំនើប» ជាប្រភេទ សាប៊ូដុំ សាប៊ូទឹក និងម្សៅផងដែរ។ លោកបន្តទៀតថាការផលិតគឺធ្វើនៅប្រទេសខ្មែរ ប៉ុន្តែវត្ថុធាតុដើមនាំចូលពី ប្រទេសផ្សេងៗ។

លោក ហែម ហេម៉ា បញ្ជាក់ទៀតថា «ផលិតផលសាប៊ូទាំងនោះកំពុងត្រូវបានប្រើប្រាស់នៅគ្រប់សាខានឹងមានគុណភាពក្នុងការលាងជម្រះ ព្រោះមានជម្រើសច្រើនក្នុងការតម្រូវទៅតាមប្រភេទ ខោអាវដូចជា ហូលផាមួង ឫ ការប្រឡាក់ខ្លាញ់ឫឈាមជាដើម ហើយនឹងត្រៀមលក់ក្នុងទីផ្សារក្នុងឆ្នាំថ្មីនេះ»។

ក្នុងការធ្វើអាជីវកម្ម លោក ហេម៉ា បាននិយាយថា​​​« ត្រូវមានភាពចំនុចល្អផ្ទាល់ខ្លួន ដែលអ្នកផ្សេងមិនអាចធ្វើបាន ត្រូវឲ្យអតិថិជនស្គាល់យើង ឲ្យបានច្បាស់ជាមុនសិន រៀនស្វែងយល់គំនិតថ្មីៗ ត្រូវ​មាន​ផែនការ​ច្បាស់លាស់​ ​មាន​លក្ខណៈ​សំគាល់​ផ្ទាល់​ខ្លួន​ ​ជាក់ស្តែង​ ដូចជា​ស្លាក​យីហោ​ ហាង​បោកអ៊ុត​ទំនើប ​គឺ​មាន​ប្រវែង​បណ្តោយ​ ​៨ម​ ​និង​ ទទឹង​ ​៣ម​ ​ដែល​មាន​លក្ខណៈ​​ ​ស្រួលចំណាំ​ ម៉្យាងទៀតត្រូវផ្តោតទៅលើអាជីវកម្មយើងឲ្យប្រាកដប្រជា កុំបែកឆ្វេង កុំចាប់នេះផង នោះផង មិនមែនជាជម្រើសល្អទេ»៕

អត្ថបទដោយ ឈុន វួចលាង