ម៉ាឡេស៊ី CNA៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ម៉ាឡេស៊ីលោក លឹម (Lim Guan Eng) បាននិយាយថា ប្រទេសម៉ាឡេស៊ី នឹងបន្តផ្តល់ប្រាក់ ដល់គ្រួសារ ដែលមានប្រាក់ចំណូលទាប ដោយជំនួយហិរញ្ញវត្ថុចំនួន 300រីងហ្គីត (ប្រហែល72ដុល្លារ) ក្នុងមួយគ្រួសារចាប់ពីថ្ងៃទី 28 ខែមករា។ (គិត 1USD=4.14រីងហ្គីត ថ្ងៃ 03.01.2019)
លោកលឹម បាននិយាយថា ការផ្ដល់ប្រាក់នេះ នឹងផ្តល់ប្រយោជន៍ ដល់គ្រួសារចំនួនប្រហែល4.1 លាន គ្រួសារ។នេះនឹងធ្វើឱ្យរដ្ឋាភិបាលចំណាយអស់ 1,2 ពាន់លានរីងហ្គីត។ សាច់ប្រាក់នឹងដាក់ចូល ទៅក្នុងគណនីធនាគារ របស់ពលរដ្ឋដោយផ្ទាល់" ។ នេះបើតាម សេចក្តីថ្លែងការណ៍កាលពីចុងខែធ្នូ ។
ក្រោមគម្រោង BSH គ្រួសារដែលរកចំណូល បានតិចជាង 2.000រីងហ្គីត(ប្រហែល483$) ក្នុងមួយខែ នឹងទទួលបាន 1.000រីងហ្គីត(241$) នៅចុងឆ្នាំ។ គ្រួសារដែលរកចំណូលបានពី2,001រីងហ្គីត ដល់ 3,000រីងហ្គីត នឹងទទួលបាន750រីងហ្គីត(181$) រីឯគ្រួសារដែលរកចំណូលបាន3,001រីងហ្គីត ទៅ 4,000រីងហ្គីតនឹងទទួលបាន 500រីងហ្គីត (120$)។
លោកនាយករដ្ឋមន្ត្រី មហាធៀ ធ្លាប់បានរិះគន់គម្រោងដូចគ្នា ដឹកនាំដោយលោក ណាជីប កាលពីពេលមុន ថា"លោក ណាជីប បានបង្ខូចប្រជាជន ដោយធ្វើឱ្យពួកគេគិតថា រដ្ឋាភិបាលនឹងផ្តល់លុយឱ្យពួកគេ បើទោះបីជាពួកគេមិនធ្វើការក៏ដោយ" ។
ទោះយ៉ាងណាក៏ដោយ រដ្ឋាភិបាលម៉ាឡេស៊ី នឹងបន្តជាមួយBSH ដើម្បីធានាដល់សុខុមាលភាព របស់ប្រជាជន និងជួយកាត់បន្ថយចំណាយ រស់នៅសម្រាប់គ្រួសារ ដែលមានប្រាក់ចំណូលទាប។
សូមបញ្ជាក់ថា ជំនួយហិរញ្ញវត្ថុ BSHគឺជាកំណែទម្រង់ លើគម្រោង BR1M ដែលត្រូវបានបង្កើតឡើងក្នុងអំឡុងពេលនៃ រដ្ឋបាលរបស់លោក ណាជីបរ៉ាហ្សាក អតីតនាយករដ្ឋមន្រ្ដីម៉ាឡេស៊ី ហើយត្រូវបានផ្អាកដោយរដ្ឋាភិបាល ដែលកាន់អំណាចបច្ចុប្បន្ន៕ CNA