នៅពីក្រោយមធ្យោបាយធ្វើដំណើរដែលជួយសម្រួលច្រើនគឺរថយន្ត ដែលបានជួយឱ្យយើងអាចធ្វើដំណើរទៅទីឆ្ងាយៗគ្រប់ទីកន្លែង មិនថាលក្ខណៈគ្រួសារមិត្តភក្តិ គឺជាគុណសម្បត្តិមួយរបស់ឧស្សាហកម្មផលិតរថយន្ត។ ទន្ទឹមនឹងនោះ ប្រិយមិត្តអាចស្គាល់និងដឹងខ្លះអំពីម៉ាក Honda ដែលសព្វថ្ងៃម៉ាកនេះមកពីក្រុមហ៊ុន Honda ដ៏ល្បីនិងជាក្រុមហ៊ុនផលិតរថយន្តធំជាងគេលំដាប់ទី៦លើពិភពលោក។ 

នៅពីក្រោយភាពជោគជ័យនៃក្រុមហ៊ុនផលិតរថយន្តនេះមកទល់បច្ចុប្បន្ន គឺមានស្ថាបនិកមួយរូប ដែលជាដើមចំណែកសំខាន់គឺលោក Soichiro Honda ដែលគេបានរៀនសូត្រគំនិតខ្លះៗរបស់លោក ហើយដែលបានបង្ហាញជា៤មេរៀនក្នុងភាពជាសហគ្រិនដូចខាងក្រោមនេះសម្រាប់ស្វែងយល់៖

. ជួលមនុស្សដែលមានគំនិតប្លែកៗគ្នា

លោក Honda ធ្លាប់បានលើកឡើងថា បើអ្នកជួលមនុស្សសម្រាប់ធ្វើការហើយមានគំនិតប្រហាក់ប្រហែល ក៏គួរស្វែងរកបុគ្គលិកដែលមានគំនិតផ្សេងៗមកបន្ថែម។ ស្ថាបនិកក្រុមហ៊ុនផលិតរថយន្តជនជាតិជប៉ុនរូបនេះបានលើកឧទាហរណ៍ថា បុគ្គលិកដែលមានគំនិតផ្សេងៗគ្នាច្រើន ទោះបីពិបាកគ្រប់គ្រងបន្តិច ប៉ុន្តែបានរួមចំណែកច្រើនសម្រាប់អនុវត្តឱ្យក្រុមហ៊ុនមួយបានរីកចម្រើនទៅមុខជានិច្ច ដោយសារការប្រើគំនិតច្នៃប្រឌិតប្លែកគ្នាទាំងនោះ។

. ជោគជ័យភាគច្រើនគឺមកពីបរាជ័យ

មុនពេលបង្កើតក្រុមហ៊ុន Honda ស្ថាបនិករូបនេះ ក៏ធ្លាប់មានក្រុមហ៊ុនមួយឈ្មោះ Tokai Seiki ដែលផលិតគ្រឿងបរិក្ខារឡាន។ យ៉ាងណាមិញ ក្រុមហ៊ុនបានបរាជ័យដោយសារគុណភាពនៃបរិក្ខារឡានផលិតមិនបានល្អ ចុងក្រោយលោកបានដាច់កុងត្រាដៃគូជាមួយក្រុមហ៊ុន Toyota ដោយសារតែរឿងគុណភាពនោះ។ 

ប៉ុន្តែ បរាជ័យមិនបានរារាំងមិនឱ្យលោកបន្តស្រាវជ្រាវនិងស្វែងយល់បន្ថែមពីជំនាញវិស្វកម្មនោះទេ រហូតមកទល់ឆ្នាំ១៩៦៤ ដែលក្រុមហ៊ុន Hondaបានក្លាយជាក្រុមហ៊ុនដ៏ធំ និងបានក្លាយជាក្រុមហ៊ុនដែលផលិតម៉ូតូធំជាងគេលើពិភពលោក។

ក្រុមហ៊ុនអាចទទួលការរីកចម្រើនលូតលាស់ទៅមុខបាន ដរាបណាវាជួបនឹងជម្នះបញ្ហាប្រឈមផងដែរ “ជំនួសឱ្យការខ្លាចនឹងជម្នះការលំបាកនិងបរាជ័យ គួរខ្លាចពីការរត់គេចពីការលំបាកនោះ ហើយមិនធ្វើអ្វីសោះ” នេះដែលលោកSoichiro Honda បានលើកឡើង។ 

. ពិចារណាឡើងវិញទោះបីពីកំហុសដែលធ្វើឱ្យអ្នកឈឺចាប់

ធ្វើដំណើរទៅមុខឆ្លងកាត់ឧបសគ្គ អាចជាដំណោះស្រាយប៉ុន្តែគ្រាន់តែទៅមុខពុំមែនជាដំណោះស្រាយប្រសើរពេញលក្ខណៈទេ។ នៅពេលលោក Soichiro Honda បាត់បង់សិទ្ធិដៃគូជាមួយ Toyota លោកបានពិចារណាលើកង្វះខាតហើយឈានជំហានទៅធ្វើឱ្យមានរឿងប្រសើរឡើង។ គឺលោកទៅចូលសាលាវិស្វកម្ម រៀនពីតាក់តិចធ្វើដំណើរជុំវិញប្រទេស ដើម្បីសង្កេតមើលតាមរោងចក្រ និងស្វែងយល់។ ត្រឹមឆ្នាំ១៩៤១ដំណើរការផលិតរបស់លោកផ្ទាល់គឺមានគុណភាពអាចទទួលយកបាន។ 

វាជារឿងពិបាកដែលត្រូវប្រឈមជម្នះនឹងបញ្ហាច្រើន ក៏ដូចជាសម្លឹងមើលពីគុណវិបត្តិដែលអ្នកមានប៉ុន្តែការស្វះស្វែងរកដំណោះស្រាយឱ្យបានប្រសើរជាងមុន ពិសេសគឺសមស្របតាមបរិបទនិងសម័យកាល គឺជារឿងល្អបំផុត។ លោកក៏ធ្លាប់លើកឡើងផងដែរថា មិនមានក្រុមហ៊ុនច្រើនទេដែលអាចឈរមាំឋិតថេរដោយមិនផ្លាស់ប្តូរ ឬបត់បែន រហូតទទួលជោគជ័យនោះ។

. ការផ្តោតយកចិត្តទុកដាក់ជាឫសគល់នៃភាពជោគជ័យ

ពីកុមារភាព Soichiro Honda មានចំណូលចិត្តលើគ្រឿងម៉ាស៊ីន ផ្តើមនៅពេលមួយដែលលោកឃើញឡានមួយគ្រឿងជិះកាត់តាមភូមិដែលលោករស់នៅ។ លោកមិនភ្លេចទេនូវក្លិនប្រេងម៉ាស៊ីន ដែលបាននាំលោកឱ្យទៅដល់ក្រុងតូក្យូហើយទៅធ្វើការជាកូនជាងមេកានិចរយៈពេល៦ឆ្នាំ លោកក៏មានក្តីសុបិនមួយថានឹងត្រឡប់មកផ្ទះហើយបង្កើតក្រុមហ៊ុនរថយន្តមួយផ្ទាល់ខ្លួន។ 

ពិតមែន គោលដៅ ព្រមទាំងជាចំណូលចិត្តលោកបានធ្វើឱ្យយុវជនជប៉ុនម្នាក់នេះ ព្យាយាម និងផ្តោតការស្វែងយល់លើជំនាញទាក់ទិននឹងឡានរហូតពេលខ្លះលោកភ្លេចបាយទឹកទៀតផង។ ប៉ុន្តែដោយសារការផ្តោតលើការសិក្សាជំនាញ លោក Honda ពុំបានចូលរៀន និងមានសញ្ញាបត្រផ្នែកវិស្វកម្មនោះទេ។ 

ខ្ញុំមិនសូវរំខានការផ្តោតលើកិច្ចការរបស់ខ្ញុំទេ…ទោះបីពេលខ្លះកូរពោះប៉ុន្តែនៅតែចង់បន្តកិច្ចការតទៀត..” លោក Soichiro Honda បានលើកឡើង។ ចំពោះកិច្ចការខ្លះក៏បានទាមទារត្រូវការរយៈពេលវែងនិងការអនុវត្តច្រើនម៉ោងលើដំណើរការរបស់វា ដែលជាហេតុនាំឱ្យលោក Honda បានទទួលជោគជ័យលើគោលដៅរបស់លោក៕