ខេត្តមណ្ឌលគិរី៖ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ដែលបានចេញផ្សាយនៅថ្ងៃទី៤ ខែសីហានេះ បានរៀបរាប់ឲ្យដឹងថា ក្រុមការងារអន្តរក្រសួង បានសម្រេចផ្អាកសកម្មភាពអនុវត្តជាបណ្តោះអាសន្ន របស់ក្រុមការងារចុះបញ្ជីដីរដ្ឋ និងដីឯកជនរបស់ប្រជាពលរដ្ឋ ដីសហគមន៍ជនជាតិដើមភាគតិច ដោះស្រាយវិវាទដីធ្លី និងកសាងផែនការប្រើប្រាស់ដីនៅខេត្តមណ្ឌលគិរី។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា មូលហេតុដែលសម្រេចផ្អាកបណ្តោះអាសន្ននូវសកម្មភាពចុះបញ្ជីដីរដ្ឋ និងឯកជនរបស់ក្រុមការងារអន្តរក្រសួងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមញ្ញ និងនេសាទ និងក្រសួងបរិស្ថាននេះ ដោយសារមានភ្លៀងធ្លាក់ច្រើន។
សេចក្តីជូនដំណឹងបានបន្ថែមថា៖ «ក្រុមការងារអន្តរក្រសួង បានសម្រេចផ្អាកសកម្មភាពអនុវត្តការងារមួយរយៈសិន ដោយសារមូលហេតុអាកាសធាតុ មានភ្លៀងធ្លាក់កើនឡើងជាបន្តបន្ទាប់ដែលនឹងអាចប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង ធ្វើឱ្យក្រុមការងារមានការពិបាកក្នុងការអនុវត្តការងារ។ រដ្ឋបានខេត្តនឹងជូនដំណឹងអំពីកាលបរិច្ឆេទចាប់ផ្តើអនុវត្តការបន្តនៅពេលក្រោយ»។
សូមជម្រាបជូនដែរថា ដោយការវាស់វែងត្រូវប្រើប្រាស់ឧបករណ៍ T 300 Plus GNSS តាមរយៈការចាប់យកទិន្នន័យពីផ្កាយរណប ដូច្នេះស្ថានភាពអាកាសធាតុមិនល្អ នឹងបណ្ដាលឲ្យមានបញ្ហារំខានដល់ការចាប់យករលកសញ្ញា និងបង្កជាការ Error ជាដើម។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលដើមខែកក្កដា ឆ្នាំ២០២០ បានបញ្ជាទៅរដ្ឋមន្រ្តីទាំង៣ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យកាត់ឆ្វៀលដីនិងផ្តល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ដែលបានកាន់កាប់យូរឆ្នាំមកហើយ នៅលើទីតាំងដី ក្នុងតំបន់ការពារធម្មជាតិនិងគម្របព្រៃឈើ នៅតាមខេត្តមួយចំនួនដូចជា មណ្ឌលគិរី រតនគិរី កោះកុង ព្រះវិហារ និងឧត្តរមានជ័យជាដើម៕