រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានណែនាំទៅម្ចាស់រោងចក្រ សហគ្រាស ដែលជាគ្រឹះស្ថានការងារទាំងអស់ មិនទាន់ឱ្យអនុវត្តនូវការកំណត់លក្ខខណ្ឌ បានចាក់វ៉ាក់សាំង ទើបឱ្យចូលធ្វើការងារ ចំពោះកម្មករ កម្មការិនីនោះឡើយ។
តាមរយៈសារជាសំឡេង នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មានករណីកម្មករ កម្មការិនីរោងចក្រមួយចំនួន សម្រុកទៅសុំលិខិតចាក់វ៉ាក់សាំងពីមេភូមិ ដើម្បីបានទៅចាក់វ៉ាក់សាំង។ ការធ្វើបែបនេះ ព្រោះតែពួកគេបារម្ភខ្លាច មិនអាចចូលធ្វើការងារ ដោយមិនបានចាក់វ៉ាក់សាំង ខណៈកន្លែងការងាររបស់ពួកគេ បានដាក់លក្ខខណ្ឌឱ្យចាក់វ៉ាក់សាំង ទើបឱ្យចូលធ្វើការ។
ប្រសាសន៍សម្ដេចតេជោ ៖"សូមម្ចាស់រោងចក្រកុំបំភ័យកម្មករ ទៅលើបញ្ហាវ៉ាក់សាំង។ ពេលនេះមិនមែនជាពេលត្រូវ យកវ៉ាក់សាំងមកធ្វើជាសមភាព សមធម៌ ហើយធ្វើជាលក្ខខណ្ឌ ដោះស្រាយការងារធ្វើទេ រង់ចាំដល់ទីក្រុងភ្នំពេញ និងខេត្តកណ្តាល ឬរង់ចាំដល់ប្រទេសទាំងមូលចាក់វ៉ាក់សាំងហើយ។"
សម្តេចតេជោ ក៏ស្នើឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈពិនិត្យលើការងារនេះ ព្រោះលក្ខខណ្ឌបែបនេះ មិនទាន់អាចអនុវត្តបាននោះឡើយ ព្រោះកម្ពុជាកំពុងស្ថិតក្នុងដំណើរការចាក់វ៉ាក់សាំង ហើយចាក់បានកម្រិតតិចតួចនៅឡើយ៕