ប្រធានាធិបតីចិនលោក ស៊ីជីនពីង បានប្រកាសផ្តល់ជំនួយ ៤ពាន់លានយ័ន ស្មើនឹងជិត ៦០០លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជាចាប់ពី ឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។
ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងជំនួប ពិភាក្សាការងារជាមួយសម្តេចតេជោហ៊ុន សែន ក្នុងដំណើរបំពេញទស្សនកិច្ច នៅទីក្រុងប៉េកាំង ប្រទេសចិន នាល្ងាចថ្ងៃទី២១ខែមករា ឆ្នាំ២០១៩នេះ។
លោកប្រធានាធិបតីចិនក៏បានប្រកាសបន្ត នាំអង្ករកម្ពុជាទៅកាន់ប្រទេសចិន ឲ្យបាន ៤០ម៉ឺនតោន នៅក្នុងឆ្នាំ២០១៩នេះដើម្បីរួមចំណែកជួយលើកកម្ពស់ ជីវភាពរបស់ប្រជាកសិករកម្ពុជា។
លោក ស៊ី ជីនពីងក៏បានប្រកាសខិតខំជំរុញ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ កើនដល់១០ពាន់លានដុល្លារនៅឆ្នាំ២០២៣ ហើយនឹងបន្តលើកទឹកចិត្ត ដល់អ្នកវិនិយោគចិនឲ្យមកវិនិយោគនៅកម្ពុជា កាន់តែច្រើនថែមទៀត។
លោក ស៊ី ជីនពីង បានលើកឡើងថា «ទោះបីជាទំនាក់ទំនងអន្តរជាតិ មានការប្រែប្រួលប៉ុន្តែទំនាក់ទំនងរវាងចិន និងកម្ពុជា គឺពិតជាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ពីគ្នាទៅវិញទៅមក។តាមរយៈនេះ ចិននឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ពិសេសការចូលរួម ចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាកាន់តែរឹងមាំទ្វេឡើងថែមទៀត»៕