រាជធានីភ្នំពេញ៖ អ្នកដែលមានចេតនាមិនទទួលវ៉ាក់សាំង គឺជាអ្នកអាចនឹងងាយបាត់បង់ការងារធ្វើ ទាំងក្នុងកងកម្លាំងប្រដាប់អាវុធ ទាំងក្នុងមន្រ្តីរាជការស៊ីវិល ទាំងថ្នាក់ជាតិ និងក្រោមជាតិ ទាំងមន្រ្តីជាប់កិច្ចសន្យា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ បានថ្លែងតាមរយៈសារពិសេសមួយ ដោយប្រកាសថា នៅពេលខាងមុខ កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការដែលគេចវេសមិនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាចនឹងត្រូវបាត់បង់ការងារតែម្តង។
សម្តេចបានបញ្ជាក់ដូច្នេះថា «ពិតមែនតែវ៉ាក់សាំងចាក់លើគោលការណ៍ស្ម័គ្រចិត្ត ប៉ុន្តែនៅពេលខាងមុខច្បាស់ណាស់ថា វ៉ាក់សាំងនឹងក្លាយទៅជាវ៉ាក់សាំងកាតព្វកិច្ចតែម្តង ជាពិសេសជំហានដំបូងនេះ គឺនៅក្នុងកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការស៊ីវិលរបស់យើងទាំងអស់»។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ប្រាប់មន្រ្តីដែលមិនចង់ចាក់វ៉ាក់សាំងទាំងនោះថា «នៅពេលណាមួយដែលស្ថាប័នរបស់ខ្លួនចាក់បាក់៧០ភាគរយឡើងលើ មន្រ្តីដែលមិនបានចាក់វ៉ាក់សាំង ប្រហែលជាមិនអាចចូលធ្វើការបានទេ សូមដេកផ្ទះចុះ ហើយបើសិនជាថ្នាក់ដែលត្រូវចូលប្រជុំ ក៏មិនអនុញ្ញាតឱ្យចូលប្រជុំដែរ ទុកឱ្យដេកផ្ទះទៅ ព្រោះគ្រាន់តែវ៉ាក់សាំងដែលចាក់ដើម្បីការពារខ្លួនឯង និងចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ធ្វើមិនបានផង តើចាំបាច់បន្តធ្វើជាទាហាន ឬក៏ជាមន្រ្តីរាជការធ្វើអ្វីតទៅទៀត»។
ទោះជាយ៉ាងនេះក្តី សម្តេចបានដាស់តឿនថា ពេលនេះមិនទាន់ហួសពេលនោះទេ ដែលមន្រ្តីទាំងនោះអាចទៅចាក់វ៉ាក់សាំងបាន៕