ខេត្តត្បូងឃ្មុំ៖ ការសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដែលមានតម្លៃដល់១.៤លានដុល្លារ សម្រេចបានជិត៨០% ដែលគ្រោងបញ្ចប់ការសាងសង់នាអំឡុងចុងឆ្នាំ២០២១ខាងមុខនេះ នេះបើតាមលទ្ធផលនៃការចុះពិនិត្យដោយផ្ទាល់ពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារនេះ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុ នរ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តត្បូងឃ្មុំ ដែលមានតម្លៃរហូតដល់១.៤លានដុល្លារ បំពាក់ដោយបរិក្ខារទំនើបៗ។
មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៦មកម្ល៉េះ ដោយឡែកមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារដ៏ធំ និងទំនើបថ្មីស្រឡាងនេះ មានកម្ពស់៤ជាន់ ទំហំ៤,១៣៧ម៉ែត្រក្រឡា សាងសង់លើផ្ទៃដីទំហំ១៣,២២៩ម៉ែត្រក្រឡា តាមគម្រោងនឹងសាងសង់រួចជាស្ថាពរនៅចុងឆ្នាំ២០២១នេះ ដោយគ្រោងចំណាយទឹកប្រាក់អស់ប្រមាណ១.៤លានដុល្លារអាមេរិក។
បន្ទាប់មក ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានដឹកនាំក្រុមការងារបន្តដំណើរពិនិត្យស្ថានភាពទឹកតាមដងទន្លេ និងនៅទីតាំងទំនប់បង្ហៀរទឹកព្រែកតាកុច ក្នុងរដូវទឹកទន្លេមេគង្គកំពុងហក់ឡើងជាបន្តបន្ទាប់ មានកំពស់ខ្ពស់ជាងឆ្នាំមុន បើប្រៀបនឹងពេលវេលាដូចគ្នា។
ទំនប់បង្ហៀរទឹកព្រែកតាកុចនេះមានប្រវែងបណ្តោយ១៥០ម៉ែត្រ. ទទឹង៧ម៉ែត្រ ទទួលផលស្រោចស្រពចំនួន១២ឃុំ ក្នុងស្រុកក្រូចឆ្មារ ចំណាយអស់ថវិកា៦០ម៉ឺនដុល្លា ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុ នរ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តត្បូងឃ្មុំ៕