រាជធានីភ្នំពេញ៖ នាវេលាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យយាងព្រះរាជដំណើរតាមព្រះរាជទីនាំងយន្តហោះពិសេសទៅកាន់ រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីគង់ប្រថាប់បំពេញព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្ត ក្នុងមហាព្រឹត្តិការណ៍បើកជាផ្លូវការកីឡាអូឡាំពិករដូវរងា ដែលសាធារណរដ្ឋប្រជាមានិតចិន ធ្វើជាម្ចាស់ផ្ទះ។ 

ក្នុងឱកាសដ៏វិសេសវិសាលនោះ មានការអញ្ជើញថ្វាយព្រះរាជដំណើរដោយ ថ្នាក់ដឹកនាំកំពូលៗនៃរាជរដ្ឋាភិបាលកម្ពុជា និងឥស្សរជនជាតិជាច្រើនរូបផងដែរ។

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងគង់ប្រថាប់នៅទីក្រុងប៉េកាំង រហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ទើបយាងត្រឡប់មកកាន់កម្ពុជាវិញ៕