ពិភពលោកបានបន្តវិវដ្តឥតឈប់ឈរ ដោយក្នុងនោះចរន្តនៃការបំពុលបរិស្ថាន ក៏មានស្ថានភាពប្រែប្រួលដូចគ្នាដែរ។ប៉ុន្មានឆ្នាំមុននេះ ពិភពលោកកំពុងស្ថិតក្នុង​យុគ្គសម័យឧស្សាហកម្ម ហេតុនេះ​ដើម្បីឱ្យ​ប្រទេសរបស់ខ្លួនរីកចម្រើនខ្លាំង បណ្តាប្រទេសឧស្សាហកម្មជាច្រើន បានខិតខំប្រឹងប្រែងច្នៃប្រឌិត​ និងទាញយកផលប្រយោជន៍ពីធម្មជាតិដើម្បីបម្រើឱ្យវិស័យសេដ្ឋកិច្ច និងការរស់នៅរបស់មនុស្ស។ ចរន្តនេះ ថ្វីត្បិតតែមើលទៅធ្វើឱ្យពិភពលោក​ប្រែប្រួលជាវិជ្ជមាន​ផ្នែកការរស់នៅក្នុងសង្គមទំនើប តែវាក៏បានផ្តល់ផលប៉ះពាល់ជាច្រើនផងដែរដល់បរិស្ថាន។

ហេតុនេះហើយ ទើបមកដល់​យុគ្គសម័យបច្ចេកវិទ្យានិងសម័យឌីជីថលនេះ មនុស្សចាប់ផ្តើមអភិវឌ្ឍការរស់នៅដោយបញ្ចូលនូវ​គំនិតច្នៃប្រឌិតជាច្រើន ដើម្បីជួយ​សង្គ្រោះឬកាត់បន្ថយ​ផលប៉ះពាល់ផ្នែកបរិស្ថានឡើងវិញ។ ជាដំណោះស្រាយប្រទេសជាច្រើន បានចាប់ផ្តើមកាត់បន្ថយការប្រើប្រាស់យានយន្ត ធ្វើការកែច្នៃឡើងវិញនូវ​របស់របរនានា និងបង្កើនការសន្សំសំចៃសម្ភារៈប្រើប្រាស់ រួមទាំងអាហារផង ដើម្បីកុំឱ្យមានផលប៉ះពាល់ខ្លាំងពេកដល់បរិស្ថាន។

ជាដំណោះស្រាយថ្មីមួយ បច្ចុប្បន្ននេះប្រទេសនានាលើពិភពលោក​ បានចាប់ផ្តើម​បង្កើតរថយន្តប្រើប្រាស់​ប្រេងសាំងពាក់កណ្តាល អគ្គិសនីពាក់កណ្តាល (Hybridge technology) ខណៈប្រទេសខ្លះ ក៏កំពុងឈានទៅដល់ផលិតរថយន្តដែលមិនប្រើប្រាស់ប្រេងសាំងទាំងស្រុង។ តាមរយៈចរន្តថ្មីនេះ យើងឃើញថា​ប្រទេសជាច្រើនជាពិសេស​នៅអឺរ៉ុប បានលើកទឹកចិត្តឱ្យមនុស្សចាប់ផ្តើមងាកមកប្រើប្រាស់រថយន្តប្រភេទថ្មីនេះ ដើម្បីកាត់បន្ថយការប្រើប្រាស់ឥន្ធនៈដោយការបន្ថយពន្ធ និងចំណាយថវិការដ្ឋដើម្បីដើម្បី​បន្ថយតម្លៃលក់រថយន្តប្រភេទថ្មីនេះជាដើម។

ជាចរន្តថ្មីមួយទៀត នៅពេលនេះ នាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេសលោក Boris Johnson បានបញ្ជាក់ថា​ នៅឆ្នាំ 2030 ប្រទេសអង់គ្លេសនឹង​ឈប់លក់រថយន្ត​ប្រើប្រាស់ឥន្ធនៈបន្តទៀត ហើយដើម្បីលើកទឹកចិត្តឱ្យប្រជាជន​ប្រើប្រាស់​រថយន្តប្រើប្រាស់អគ្គិសនី។ ការធ្វើបែបនេះត្រូវបានគេជឿថា អាចជួយឱ្យប្រទេសរបស់លោកកាត់បន្ថយការបំពុលខ្យល់ក្នុងទីក្រុងកាត់បន្ថយចំណាយលើការប្រើប្រាស់ឥន្ធនៈ និង​ជំរុញឱ្យប្រជាជន​សន្សំចំណាយបានកាន់តែច្រើន។

ចរន្តស្រដៀងគ្នានេះ ក៏ត្រូវបានគេមើលឃើញផងដែរនៅក្នុងប្រទេស​នានា ដែលទំនងជាអាចនឹងអនុវត្តគំរូដូចគ្នានេះបើទោះបីជាត្រូវចំណាយច្រើនក្នុងដំណាក់កាលនៃការចាប់ផ្តើមក៏ដោយ៕