សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ខេត្តសៀមរាប៖ ផ្លូវទាំង៣៨ខ្សែនេះ មានប្រវែងសរុប ១០៨.៧៤គីឡូ​ម៉ែត្រ ដោយ​គ្រោង​ប្រើប្រាស់​ថវិកាជាតិសរុបប្រមាណ ១៤០លានដុល្លារ​អាមេរិក និងថវិកា​​ជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅ ក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ។ គម្រោងនេះនឹងប្រើប្រាស់រយៈពេល ១៣ខែ ដែលគ្រោងនឹង បញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១ ខាងមុខនេះ។

សម្ដេចតេជោ មានប្រសាសន៍ថា៖ តាមរយៈគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនេះ នឹងធ្វើឲ្យទីក្រុងសៀមរាប ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍​ ដ៏មាន​សក្តា​​នុពល ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាតំបន់ស្នូលនៃប៉ូល​អភិ​វឌ្ឍ​ជាតិ ជា​គោលដៅ​ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ស្របតាមរូបសាស្ត្រទីក្រុង រួមជាមួយការគិតគូរ​ដល់ការពារ ​និងកែលម្អបរិស្ថាន ផាសុខភាពរបស់ប្រជាពលរដ្ឋ និងការរៀបចំ​​អភិវឌ្ឍ​ទីក្រុងឆ្លាតវៃ (Smart City)​ ផងដែរ។

ក្រោយពីបញ្ចប់ការសាងសង់ទៅ គម្រោងនេះនឹងដើរតួ​ជា​ហេដ្ឋា​រចនាសម្ព័ន្ធ​ប្រទាក់​ក្រឡា​គ្នា​ តភ្ជាប់​ទីប្រជុំជន​ ទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និង​បណ្តាញ​ខ្សែផ្លូវជាតិនានា សំដៅកាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ក្នុងទីក្រុង ជំរុញ​កំណើន​ដឹកជញ្ជូន ទាក់ទាញ​វិនិយោគិន​ ធុរជន និងភ្ញៀវទេសចរ​ជាតិ​-អន្តរជាតិ ដែល​ជា​ការរួមចំណែក​ក្នុងការ​​ជំរុញ​កំណើន​​​សេដ្ឋកិច្ចជាតិឱ្យ​កាន់តែរីកចម្រើន នៅក្រោយ​វិបត្តិ​នៃ​ជំងឺកូវីដ-១៩។

លើសពីនេះទៀត សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ឱ្យដឹងផងដែរថា៖ ថវិកាដែលនៅសល់ពីគម្រោង ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ៣៤ខ្សែនៅក្រុងព្រះសីហនុ ប្រមាណ៥លានដុល្លារសហរដ្ឋអាមេរិក នឹងត្រូវបង្វែរ មកកែលម្អធ្វើឱ្យប្រសើរឡើងដងស្ទឹងសៀមរាប ប្រវែងជាង៨គីឡូម៉ែត្រ ដើម្បីលើកកម្ពស់សោភ័ណភាព បន្ថែមទៀត៕