ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥ ត្រូវបានប្រកាសដាក់អោយអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ផែនការមេនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុម័តជាផ្លូវការកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ កន្លងទៅ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ផែនការមេនេះ គឺជាឯកសារយុទ្ធសាស្ត្រដ៏សំខាន់ ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យវែងឆ្ងាយនៃការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប និងតំបន់ជុំវិញ ក៏ដូចជាបម្រើដល់ការអភិវឌ្ឍខេត្តសៀមរាបទាំងមូល។

ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានឱ្យដឹងដែរថា ផែនការមេបានកំណត់វិសាលភាពរួម គឺរួមបញ្ចូលទាំងទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិសម្រាប់ខេត្តសៀមរាប ខណៈដែលបច្ចុប្បន្នការទស្សនាប្រាសាទអង្គរ គឺជាមូលហេតុចម្បងតែមួយរបស់ភ្ញៀវទេសចរដែលមកកាន់ខេត្តសៀមរាប។ 

ឯកឧត្ដម ថោង ខុន ក៏បានបង្ហាញការរំពឹងទុកថា ផែនការមេនេះនឹងចូលរួមយ៉ាងសកម្មដល់ការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងគោលនយោបាយជាតិស្តីពីទេសចរណ៍កម្ពុជា ក្នុងការធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាពលំដាប់ពិភពលោក ផ្តល់ភាពកក់ក្តៅដល់ទេសចរ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ដោយក្នុងនោះខេត្តសៀមរាបត្រូវអភិវឌ្ឍន៍ឱ្យក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ដែលអាចក្តាប់យកមកវិញនូវមោទនភាពជាគោលដៅទេសចរណ៍ចម្បងបំផុតរបស់វិស័យទេសចរណ៍កម្ពុជា និងជាគោលដៅទេសចរណ៍ចម្បងមួយក្នុងតំបន់អាស៊ីអាគ្នេយ៍៕