ប្រេស៊ីល៖ ទីភ្នាក់ងារការពារអតិថិជន នៅរដ្ឋសៅប៉ូឡូ ប្រទេសប្រេស៊ីល បានពិន័យក្រុមហ៊ុន Apple ចំនួនជិត ២ លានដុល្លារ ពីបទមិនបានដាក់បញ្ចូលឆ្នាំងសាក នៅក្នុងប្រអប់ iPhone ១២ ។ ភ្នាក់ងារ Procon-SP និយាយថា Apple បាន“ ផ្សាយពាណិជ្ជកម្មបំភាន់ការលក់ឧបករណ៍ដោយគ្មានឆ្នាំងសាក និងលក្ខខណ្ឌអយុត្តិធម៌សម្រាប់អតិថិជន” ។

ក្រុមហ៊ុន Apple បានប្រកាសកាលពីខែតុលាថា ទូរស័ព្ទ iPhone 12 ហើយនឹងមិនភ្ជាប់ មកជាមួយឆ្នាំងសាកឡើយ ដោយលើកឡើងពីកង្វល់អំពីបរិស្ថាន។ ក្រុមហ៊ុន Apple បាននិយាយថា វានឹងអាចកាត់បន្ថយវត្ថុធាតុដើមសម្រាប់ iPhone នីមួយៗ ។ 

ក្រុមអ្នករិះគន់បានលើកឡើងថាការផ្លាស់ប្តូរនេះ បានធ្វើឱ្យក្រុមហ៊ុន Apple កាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូនហើយអ្នកជំនាញខាងបរិស្ថានបាននិយាយថា ផលប៉ះពាល់លើបរិស្ថានទំនងជាតិចតួចបំផុត។

ភ្នាក់ងារ Procon បាននិយាយថា ខ្លួនបានសួរ ក្រុមហ៊ុន Apple ថា តើក្រុមហ៊ុននឹងកាត់បន្ថយតម្លៃ iPhone 12ទេ  ដោយសារតែមិនមានបញ្ចូលឆ្នាំងសាក? តែមិនបានទទួលការឆ្លើយតបពីក្រុមហ៊ុនវិញ។ ទីភ្នាក់ងារនេះ ក៏បានចោទប្រកាន់ក្រុមហ៊ុនថា មិនបានជួយដល់អតិថិជនដែលមានបញ្ហាមុខងារមួយចំនួននៅលើទូរស័ព្ទ iPhone របស់ពួកគេបន្ទាប់ពីការធ្វើបច្ចុប្បន្នភាព។ អ្នកនាំពាក្យរបស់ទីភ្នាក់ងារនេះ បាននិយាយថាក្រុមហ៊ុន Apple“ ត្រូវគោរពច្បាប់ដែលមានក្នុងប្រទេសប្រេស៊ីល” ។

ប្រភព 9to5 Mac