Image

ស្រ្តែសជាបញ្ហាតែងកើតមានឡើងប្រចាំថ្ងៃប៉ុន្តែអ្នកក៏នៅតែមានវិធីផ្សេងៗជាច្រើនដើម្បីដោះស្រាយ។ ៤ចំណុចសាមញ្ញខាងក្រោមនេះអាចជាគំនិតខ្លះៗ ដែលអាចប្រើប្រាស់សម្រាប់កម្ចាត់ស្រែ្តស ឬអារម្មណ៍តានតឹងដែលយើងមាន៖

. និយាយលេងជាមួយមិត្តភក្តិឬអ្នករួមការងារ

ពិតមែនការចេញទៅខាងក្រៅនិយាយលេងមិនថាជាមួយមិត្តភក្តិ អ្នករួមការងារ ជជែកបន្តិចបន្តួចពីនេះពីនោះនឹងនាំអារម្មណ៍អ្នកបានធូរស្រាលខ្លះ។ ដោយហេតុថាខួរក្បាល នៅពេលធ្វើការយូរគឺតានតឹងដូច្នេះមិនថាទៅក្រៅទិញកាហ្វេ និយាយលេងជាមួយអ្នកឆុងកាហ្វេបន្តិចបន្តួចក៏ជួយបន្ថយសម្ពាពនិងសម្រាកខួរក្បាលពីការគិតយូរ ដែលធ្វើឱ្យស្រ្តេសនោះឯង។

. សំណើច

សំណើចជាឱសថពិសេសដែលជួយបន្ថយការឈឺចាប់បន្ធូរអារម្មណ៍ម៉ួរហ្មង និងស្រ្តែស។ អ្នកអាចរកមើលអ្វីដែលអ្នកចូលចិត្តនិងជាសំណើចរបស់អ្នក ដូចជាវីដេអូរឿងកំប្លែង អំណានរឿងកំប្លែង ឬសៀវភៅរឿងផ្សេងៗដែលអ្នកចូលចិត្តក៏អាចនាំអារម្មណ៍របស់អ្នកបានធូរស្បើយពីភាពតានតឹងមួយគ្រាផងដែរ។

. ភាពកក់ក្តៅពីអ្នកជិតស្និទ្ធ

ពេលខ្លះទំនាក់ទំនងជិតស្និទ្ធបានជួយអ្នកយ៉ាងប្រសើរដូចជាមនុស្សជាទីស្រលាញ់របស់អ្នក ឪពុកម្តាយ បងប្អូន តាមរយៈការនិយាយរៀបរាប់រឿងរ៉ាវក្នុងចិត្តប្រាប់ដល់ពួកគេជួយស្តាប់និងចែករំលែកជាមតិយោបល់មកដល់អ្នកវិញ។ ការភ្ជាប់ទំនាក់ទំនងទៅមនុស្សអ្នកជាទីស្រលាញ់របស់អ្នកនឹងជួយសម្រាលអារម្មណ៍ស្រ្តែសធុញថប់របស់អ្នកបានធូរស្បើយច្រើន។

. ចេញធ្វើសកម្មភាពខាងក្រៅខ្លះ

សកម្មភាពទាំងនោះគឺអ្វីដែលអាចផ្តល់ថាមពលទៅដល់ខួរក្បាលរបស់អ្នកវិញជាកីឡា ឬមួយសកម្មភាពដែលអ្នកចូលចិត្ត ដូចជាគូរគំនូរ ដើរផ្សារ ទៅមើលកុនជាដើម។ សកម្មភាពដែលអ្នកចូលចិត្តនឹងជួយស្រាយនូវសម្ពាធតានតឹងចេញពីអារម្មណ៍អ្នកបានឆាប់រហ័សហើយអ្នកក៏មានថាមពលបានប្រសើរឡើងវិញផងដែរ៕