រាជធានីភ្នំពេញ៖ សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា កម្ពុជានឹងប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ របស់ប្រទេសចិន - វ៉ាក់សាំងស៊ីណូហ្វាម ហើយការចាក់វ៉ាក់សាំងនេះ នឹងធ្វើឡើងដោយឥតគិតថ្លៃ និងឈរលើគោលការណ៍ស្ម័គ្រចិត្ត។ សម្ដេចតេជោ បានមានប្រសាសន៍លើកឡើងបែបនេះ បន្ទាប់ពីប្រទេសចិនបានផ្ដល់ជំនួយជាវ៉ាក់សាំងចំនួន ១លានដូស។

វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ប្រទេសចិន ត្រូវបានប្រទេសមួយចំនួនក្នុងអាស៊ាន កំពុងចាក់ឲ្យប្រជាជន មានដូចជា ប្រទេសឥណ្ឌូនេស៊ី រីឯម៉ាឡេស៊ី ហ្វីលីពីន និងបណ្ដាប្រទេសជាច្រើនទៀត ក៏នឹងប្រើវ៉ាក់សាំងពីក្រុមហ៊ុនរបស់ចិននេះដែរ។

ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់ថា ដើមឡើយសម្តេចបានប្រកាសពីការទទួលវ៉ាក់សាំងដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO)។ តែក្នុងបរិបទកម្ពុជាកំពុងទទួលរង ការរីករាលដាលដូចពេលបច្ចុប្បន្ន គឺមិនអាចរង់ចាំបានទៀតនោះទេ អាស្រ័យហេតុនេះទើបកម្ពុជាសម្រេចប្រើវ៉ាក់សាំងជំងឺកូវីដ១៩។

សម្តេចតេជោ បានបញ្ជាក់ពីមូលហេតុដែលប្រើវ៉ាក់សាំងស៊ីណូហ្វាមនេះ ដោយសារវាអាចរក្សានៅក្នុងសីតុណ្ហភាព ២ ទៅ៨អង្សាលើសូន្យ ងាយស្រួលក្នុងការរក្សាទុក បើធៀបជាមួយវ៉ាក់សាំងប្រទេសខ្លះតម្រូវឱ្យរក្សានៅក្នុងសីតុណ្ហភាព ៧០អង្សាក្រោមសូន្យ។ បន្ថែមពីលើនោះការប្រើប្រាស់វ៉ាក់សាំងរបស់ចិន ងាយស្រួលក្នុងការដឹកជញ្ជូនផងដែរ៕