ភ្នំពេញ ៖ គ្មានភ្នាក់ងារអចលនទ្រព្យណាម្នាក់ ហ៊ានបដិសេធន៍មិនចង់បានទំនុកចិត្តពីអតិថិជនរបស់ខ្លួននោះឡើយ ប៉ុន្តែអ្វីដែលជាបញ្ហានៅត្រង់ថា តើគួរធ្វើយ៉ាងដូចម្ដេច ទើបអាចធ្វើឱ្យអតិថិជនទាំងអស់នោះមានភាពជឿជាក់ខ្ពស់មកលើខ្លួន ហើយទទួលទិញអចលនវត្ថុដែលខ្លួនបានណែនាំ។
ចូលទំព័រស្វែងរកការងារ របស់ក្រមា សូមចុចទីនេះ
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានលើកឡើងថា ដើម្បីអាចទទួលបានទំនុកចិត្ត និងទទួលបានផលចំណេញខ្ពស់ពីអតិថិជន ភ្នាក់ងារអចលនទ្រព្យ ឬក្រុមហ៊ុនផ្តល់សេវាអចលនទ្រព្យ ត្រូវផ្តល់សេវាកម្មផ្សេងៗ លើសពីការរំពឹងទុក ទៅកាន់អតិថិជនរបស់ខ្លួន តាមរយៈផ្តល់ប្រឹក្សាយោបល់ និងមានភាពស្មោះត្រង់បំផុត និងភាពរួសរាយរាក់ទាក់ជាទីបំផុត។
លោកបានមានប្រសាសន៍ថា ភ្នាក់ងារអចលនទ្រព្យ ឬក្រុមហ៊ុនផ្តល់សេវាអចលនទ្រព្យ គឺត្រូវផ្តល់សេវាជាកញ្ចប់មានទាំងរត់ឯកសារ លិខិតកក់ប្រាក់ កិច្ចសន្យាទិញ-លក់ និងមានទាំងប្រថាប់ត្រាពីសំណាក់មេធាវី ដើម្បីឲ្យអតិថិជនមានភាពកក់ក្តៅ និងការទិញលក់របស់ពួកគេមានសុវត្ថិភាព និងមានភាពងាយស្រួល។
លោកបន្តថា “បើអតិថិជនបានទិញចលនទ្រព្យ តាមរយៈភ្នាក់ងារជំនាញ យើងត្រូវធ្វើឱ្យមានភាពចំណេញ លើការទិញអចលនទ្រព្យនោះ តាមរយៈរបស់ល្អ និងមានតម្លៃក្រោមទីផ្សារ ហើយថ្ងៃក្រោយគាត់នឹងណែនាំអ្នកផ្សេងឲ្យមករកសេវាកម្មរបស់យើង” ។ លោកបន្តថា “នៅពេលអថិជនណែនាំបន្តគា្ន នោះមានន័យថា គេមានជំនឿរបស់យើង និងទទួលបានផលច្រើន តែបើអតិថិជនដែលមិនដែលប្រើសេវាកម្មរបស់យើង ប្រាកដណាស់គេ មិនសូវទុកចិត្តខ្លាំងនោះទេ” ។
លោក ច្រឹក សុខនីម បានផ្តល់យោបល់បន្ថែមទៀតថា ក្នុងនាមជាអ្នកផ្តល់សេវាកម្មលើវិស័យអចលនទ្រព្យ យើងត្រូវមានចំណេះដឹងឲ្យបានជ្រៅជ្រះ តាមរយៈបង្កើនចំណេះដឹងជាប្រចាំ កាអនុវត្តផ្ទាល់ និងដឹងពីតម្លៃទីផ្សារនៅក្នុងតំបន់ដែលខ្លួនកាន់ ដែលចំណេះដឹងទាំងអស់នេះ នឹងធ្វើឲ្យអតិថិជនមានទំនុកចិត្ត និងជឿជាក់លើយើង។
លោកបន្តថា “បើយើងមានចំណេះដឹងទាបជាងពួកគាត់ នៅពេលដែលយើងនិយាយទៅ គាត់នឹងមិនទុកចិត្តយើងនោះទេ និងជាពិសេសយើងត្រូវស្គាល់អថិជន ជាគោលដៅរបស់ខ្លួនអោយបានច្បាស់លាស់ ហើយយើងធ្វើការជាមួយអ្នក និងអ្នកផ្ទាល់” ។ លោកបន្តថា “បើមិនស្គាល់អតិថិជនរបស់ខ្លួនច្បាស់ទេ យើងនឹងបរាជ័យតាមរយៈការធ្វើកិច្ចការមិនច្បាស់លាស់” ។
បើតាមលោក ច្រឹក សុខនីម ភ្នាក់ងារផ្តល់សេវាអចនទ្រព្យទាំងចុះបញ្ជី និងមិនចុះបញ្ជីមានប្រមាណក្រោម៣ម៉ឺននាក់ នៅទាំងទូទាំងប្រទេស ដែលកំពុងប្រតិបត្តិការ ខណៈដែលកម្ពុជា នៅខ្វះខាតអ្នកជំនាញលើវិស័យជាច្រើន ស្របពេលដែលដែលកំពុងបោះជំហានទៅមុខ៕