បន្ទាប់ពីបានអញ្ជើញដល់ទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងគណៈប្រតិភូ បានអញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុនទូរគមនាគមន៍វៀតតែល(Veittel)។

ក្រុមហ៊ុនទូរគមនាគមន៍វៀតតែល ជាក្រុមហ៊ុនមួយដែលបានវិនិយោគនៅកម្ពុជា លើប្រព័ន្ធទូរស័ព្ទដែលមានឈ្មោះក្រុមហ៊ុនMetfone។ ឯកឧត្ដម វូ ហៃសាន (Vu Hai San) អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម តៅ ឌុកថាំង (Tao Duc Thang) នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុនវៀតតែល និងសហការី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសម្តេចប្រធានរដ្ឋសភា និងចាត់ទុកវត្តមានសម្តេចប្រធានរដ្ឋសភានាឱកាសនេះ ជាកិត្តយសដ៏ឧត្តុង្តឧត្តមរបស់ក្រុមហ៊ុន។

ឯកឧត្តម តៅ ឌុកថាំង បានថ្លែងអំណរគុណរដ្ឋសភា រាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋកម្ពុជា ដែលបានគំាទ្រការវិនិយោគរបស់ក្រុមហ៊ុន Veittel នៅកម្ពុជា និងបានជម្រាបជូនសម្តេច ពីគម្រោងដែលក្រុមហ៊ុនត្រូវអភិវឌ្ឍន៍បន្ថែមទៀតលើវិស័យបច្ចេកវិទ្យា ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ ចំពោះប្រតិបត្តិការរបស់ក្រុមហ៊ុនដ៏ធំមួយនេះ ដែលមិនត្រឹមតែបម្រើសេវាកម្មទូរគមនាគមន៍ប៉ុណ្ណោះទេ ថែមទាំងជាឱកាសការងារ និងផ្តល់ប្រាក់ចំណូលដល់ពលរដ្ឋវៀតណាមទៀតផង។ ក្រៅពីនោះ ក្រុមហ៊ុនបានដើរតួនាទីដ៏មានសារសំខាន់ លើវិស័យការពារជាតិរបស់វៀតណាម ដើម្បីរួមចំណែកថែរក្សាសន្តិសុខ ទំាងក្នុងតំបន់ និងសកលលោកផងដែរ។

សម្តេចបានមានប្រសាសន៍លើកឡើងថា ការវិនិយោគរបស់ក្រុមហ៊ុនវៀតតែល នៅកម្ពុជា ដែលពលរដ្ឋកម្ពុជាទូទៅស្គាល់ថា ជាក្រុមហ៊ុនមិត្តហ្វូន នោះ បានចូលរួមចំណែកពង្រឹងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ប្រកបដោយគុណភាព និងការជឿទុកចិត្តខ្ពស់ ក្នុងចំណោមក្រុមហ៊ុនទូរគមនាគមន៍នានានៅកម្ពុជា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍បញ្ជាក់ថា វត្តមានរបស់វៀតតែល នៅកម្ពុជា មិនត្រឹមតែផ្តល់សេវាទូរគមនាគមន៍ដល់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកក្នុងវិស័យការពារជាតិ និងផ្តល់ឱកាសការងារ ព្រមទាំងផលប្រយោជន៍សេដ្ឋកិច្ច ដល់ពលរដ្ឋកម្ពុជា និងក្រុមហ៊ុនផងដែរ។

យោងតាមប្រធាន និងជាអគ្គនាយកក្រុមហ៊ុន Viettel លោកវរសេនីយ៍ឯក Dao Duc Thang បានកត់សម្គាល់ថា ក្រុមហ៊ុនមានវត្តមាននៅក្នុងប្រទេសចំនួន ១០ ក្នុងទ្វីបចំនួនបី រួមមានឡាវ កម្ពុជា មីយ៉ាន់ម៉ា ទីម័រខាងកើត កាមេរូន តង់ហ្សានី ប៊ូរុនឌី ប៉េរូ ហៃទី និងម៉ូសំប៊ិក។

លោក Thang បាននិយាយថា កម្ពុជាគឺជាទីផ្សារដំបូង ដែលបានផ្តល់ប្រាក់ចំណេញសម្រាប់ក្រុមហ៊ុន Viettel ។ ចាប់តាំងពីក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទជាលើកដំបូងនៅក្នុងទីផ្សារក្រោមម៉ាកយីហោ Metfone ក្នុងឆ្នាំ 2009 Viettel បានវិនិយោគ ៨៤០ លានដុល្លារនៅក្នុងទីផ្សារ ហើយក្លាយជាអ្នកផ្គត់ផ្គង់សេវាទូរគមនាគមន៍ធំជាងគេនៅក្នុងប្រទេសជិតខាង ដែលរាប់បញ្ជូលចំនួនអតិថិជន ប្រាក់ចំណូល និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធ៕

Metfone គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលបានរួមចំណែកដ៏ច្រើនបំផុតនៅក្នុងប្រទេសកម្ពុជា តាមរយៈការបង្កើតការងារសម្រាប់បុគ្គលិកជិត ៣០,០០០ នាក់ និងក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី។ ក្រុមហ៊ុនក៏បានបង្ហាញពីទំនួលខុសត្រូវសង្គមសាជីវកម្មខ្ពស់ជាមួយនឹងសកម្មភាពគាំទ្រសហគមន៍ជាច្រើន៕