រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុទួរគី លោក Berat Albayrak បានថ្លែងកាលពីថ្ងៃអាទិត្យថា ទួរគីបានរៀបចំផែនការសកម្មភាពសេដ្ឋកិច្ច ហើយនឹងចាប់ផ្តើមអនុវត្តនៅព្រឹកថ្ងៃចន្ទ ដើម្បីបន្ធូរបន្ថយការព្រួយបារម្ភ របស់វិនិយោគិន។

លោក Albayrak បានរៀបរាប់ពីភាពទន់ខ្សោយរបស់ប្រាក់ Lira ថាជា"ការវាយប្រហារ" សំដៅលើលោក អេរដូហ្គេន Tayyip Erdogan។ លោកបន្តថា "ចាប់ពីព្រឹកថ្ងៃចន្ទ ស្ថាប័នយើងនឹងចាត់វិធានការចាំបាច់ហើយនឹងចែករំលែក សេចក្តីប្រកាសនោះ ជាមួយនឹងទីផ្សារ»។

លោក Albayrak ក៏បានឱ្យដឹងផងដែរថា ផែនការត្រូវបានរៀបចំសម្រាប់ ធនាគារនិងវិស័យសេដ្ឋកិច្ចរួមទាំងអាជីវកម្មធុនតូចនិងមធ្យម ដែលទទួលរងផលប៉ះពាល់ខ្លាំង ពីការប្រែប្រួលរូបិយប័ណ្ណបរទេស។ លោកបានមានប្រសាសន៍ថា "យើងនឹងអនុវត្តជំហានចាំបាច់ជាមួយធនាគារ"។

រូបិយប័ណ្ណ Lira បានបាត់បង់តម្លៃច្រើនជាង 45% នៅឆ្នាំនេះ ដោយសារការព្រួយបារម្ភពីឥទ្ធិពលរបស់លោកអេរដូហ្គេន ទៅលើសេដ្ឋកិច្ច ដែលតែងតែធ្វើការអំពាវនាវម្តងហើយម្តងទៀត ឱ្យមានអត្រាការប្រាក់ទាប។

លោក អេរដូហ្គេន ដែលបានហៅខ្លួនឯងថាជា"សត្រូវនៃអត្រាការប្រាក់" ដោយចង់បានឥណទានថោក ពីធនាគារដើម្បីជំរុញកំណើនសេដ្ឋកិច្ចប៉ុន្តែវិនិយោគិនមានការព្រួយបារម្ភថា សេដ្ឋកិច្ចកំពុងឡើងកំដៅខ្លាំង ហើយអាចនឹងធ្លាក់ចុះ។

កាលពីថ្ងៃអាទិត្យ លោកអេរដូហ្គេន បាននិយាយទៅកាន់ក្រុមអ្នកគាំទ្រនៅTrabzon ដោយបានច្រានចោលការលើកឡើងថា ប្រទេសទួរគីស្ថិតនៅក្នុងវិបត្តិហិរញ្ញវត្ថុ ដូចដែលបានឃើញនៅអាស៊ីកាលពីពីរទសវត្សរ៍មុន។

លោកបាននិយាយថា ការធ្លាក់ចុះប្រាក់ Lira គឺជាលទ្ធផលនៃផែនការមួយ ហើយមិនបានឆ្លុះបញ្ចាំងពីមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់ប្រទេសទួរគីទាំងមូលបានទេ។គាត់បាននិយាយថា" អ្វីជាហេតុផលឲ្យកើតមាន ព្យុះនៅក្នុងពែងតែ? គ្មានហេតុផលសេដ្ឋកិច្ចនោះទេ។ នេះជាការធ្វើប្រតិបត្តិការប្រឆាំងនឹងប្រទេសទួរគី"។

លោក អេរដូហ្គេន បានអំពាវនាវដដែល ឱ្យទួរគីលក់ប្រាក់ដុល្លារនិងទិញប្រាក់ Lira ដើម្បីបង្កើនតម្លៃរូបិយប័ណ្ណហើយប្រាប់ឲ្យម្ចាស់អាជីវកម្ម កុំស្ដុកទុកប្រាក់ដុល្លារ ។

"ខ្ញុំនិយាយសំដៅទៅកាន់រោងចក្រកុំប្រញាប់ប្រញាល់ទៅធនាគារដើម្បីទិញប្រាក់ដុល្លារ។ កុំនិយាយថា" យើងក្ស័យធន"។ប្រសិនបើអ្នកធ្វើដូច្នោះ វាជាការខុសឆ្គង ហើយអ្នកគួរតែដឹងថា ដើម្បីរក្សាប្រទេសជាតិនេះឲ្យរុងរឿងវាគឺជាកាតព្វកិច្ចរបស់អ្នកផងដែរ៕