ទីក្រុងបាងកក៖ អ្នកដំណើរមកពីប្រទេសចំនួន៥ រួមមាន ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អាល្លឺម៉ង់ សិង្ហបុរី និងចិន ដែលចាក់វ៉ាក់សាំងរួចរាល់ នឹងត្រូវបានអនុញ្ញាតឱ្យចូលប្រទេសថៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡ័កនោះទេ ប្រសិនបើពួកគេតេស្តអវិជ្ជមាន មុនពេលមកដល់ប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post នៅថ្ងៃទី១៥ ខែតុលាឆ្នាំ២០២១នេះ។

លោក Visanuyothin អ្នកនាំពាក្យ CCSA បានថ្លែងថា អ្នកដំណើរមកពីប្រទេសទាំង៥នេះ ត្រូវបានចាត់ទុកថា មានហានិភ័យទាបនៃការរីករាលដាលនៃជំងឺកូវីដ១៩។ ពួកគេមិនចាំបាច់ត្រូវធ្វើចត្តាឡីស័កពេលមកដល់នោះទេ ហើយ វិធានការនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ។

ថៃគ្រោងពង្រីកគោលដៅទទួលភ្ញៀវទេសចរបរទេស ដែលបច្ចុប្បន្នមានចំនួន៤ខេត្ត រួមមាន ខេត្ត Phuket ផ្នែកខ្លះនៃខេត្ត Surat Thani ខេត្ត Phangnga និង Krabi ឱ្យដល់១៥ខេត្ត រួមមានទាំងទីក្រុងបាងកកចាប់ពីថ្ងៃទី១-៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ ជាមួយគ្នានេះ ចាប់ពីខែធ្នូទៅ ប្រទេសថៃគ្រោងបើកខេត្ត១៦ផ្សេងទៀត រួមមានខេត្ត Chiang Rai ខេត្ត Mae Hong Son ខេត្ត Lamphun ខេត្ត Phrae ខេត្ត Sukhothai រួមនឹងខេត្តគោលដៅសំខាន់ៗផ្សេងទៀត។

លោក ប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្រ្តីថៃ៖ «ខ្ញុំសូមបញ្ជាក់ពីការត្រៀមខ្លួនរបស់យើង ដើម្បីធ្វើឱ្យវិស័យទេសចរណ៍ថៃរស់ឡើងវិញ។ ខ្ញុំចង់ស្វែងរកការសហការ ពីសាធារណៈជន ដើម្បីប្រាប់ពិភពលោកថា ប្រទេសថៃបានរៀបចំខ្លួនយ៉ាងល្អប្រសើរ សម្រាប់ការបើកដំណើរការប្រទេសឡើងវិញ»៕