ប្រទេសចិន៖ ប្រទេសចិននឹងបង្កើនចំណាយ 7.1% បន្ថែមទៀតលើវិស័យការពារជាតិនៅឆ្នាំនេះ ខ្ពស់ជាងឆ្នាំមុនក្នុងការការពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេស  ខណៈការព្យាករណ៍ពីកំណើនសេដ្ឋកិច្ច នៅរង្វង់ 5.5% ។

លោកនាយករដ្ឋមន្រ្តី Li Keqiang បានសន្យាថានឹងពង្រឹងការហ្វឹកហ្វឺនយោធា និងការត្រៀមខ្លួនប្រយុទ្ធ សម្រាប់កងទ័ពរំដោះប្រជាជនចិន(PLA) ដែលការចំណាយនេះ នឹងប្រើសម្រាប់អភិវឌ្ឍអាវុធយុទ្ធភ័ណ្ឌ យន្តហោះចម្បាំងប្រភេទបំបាំងកាយ និងនាវាផ្ទុកយន្តហោះជាដើម។

តួលេខនៃការគ្រោងចំណាយ មានចំនួនដល់ 1.45 ពាន់ពាន់លានយន់ ($229.47 ពាន់លានដុល្លារ) នៅក្នុងថវិកាជាតិ ដែលបានចេញផ្សាយកាលពីសប្ដាហ៍មុន។

លោកនាយករដ្ឋមន្រ្តីបានបន្ថែមថា “យើងនឹងបន្តកំណែទម្រង់ការពារជាតិ និងយោធា ហើយបង្កើនការច្នៃប្រឌិតថ្មីក្នុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាការពារជាតិ។ រដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវតែផ្តល់ការគាំទ្រយ៉ាងរឹងមាំដល់ការអភិវឌ្ឍន៍ការពារជាតិ និងកងកម្លាំងប្រដាប់អាវុធ ដូច្នេះការរួបរួមរវាងយោធា និងរដ្ឋាភិបាល និងរវាងយោធា និងប្រជាជននឹងនៅតែរឹងមាំ។”

ថវិកា​ការពារជាតិ​របស់​ចិន ក្នុង​ឆ្នាំ 2022 គឺ​នៅតិចជាង​មួយភាគបី ​នៃ​សំណើ​លើវិស័យយោធារបស់​សហរដ្ឋអាមេរិក។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters បានលើកឡើងថា ប្រធានាធិបតី Joe Biden នឹងស្នើសុំសភាអាមេរិកដំឡើងថវិកាការពារជាតិ ដល់លើស 770 ពាន់លានដុល្លារ ខណៈដែលមន្ទីរបញ្ចកោណអាមេរិក កំពុងស្រាវជ្រាវបន្ថែមលើការធ្វើទំនើបកម្មយោធាផងដែរ៕