រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាល ត្រូវចំណាយសាច់ប្រាក់​ប្រមាណជា ២៥ លានដុល្លារ ក្នុងមួយខែៗសម្រាប់បើកផ្តល់ជូន គ្រួសារដែលមានប័ណ្ណសមធម៌(ទាំងក្រ-១ និងក្រ-២) មានប្រមាណជាង ៥៦ ម៉ឺនគ្រួសារ។ ប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបានបើកផ្តល់នៅក្នុងសប្តាហ៍ទី៤ នៃខែនីមួយៗ តាមរយៈធនាគារឯកទេសវីង (Wing) ដែលមានបណ្តាញភ្នាក់ងារនៅទូទាំងប្រទេស ។

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជាវិធានការជំនួយសង្គមរបស់រាជរដ្ឋាភិបាល សំដៅជួយសម្រួលជីវភាពប្រចាំថ្ងៃនៅក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានបណ្ណសមធម៌ទូទាំងប្រទេស ដែលក្នុងនោះ គឺផ្តោតការយកចិត្តទុកដាក់បន្ថែម ចំពោះកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី៦០ឆ្នាំឡើង និងអ្នកមានផ្ទុកមេរោគអេដស៍ នៅក្នុងគ្រួសារក្រីក្រទាំងនោះ។

សម្ដេចនាយករដ្ឋមន្រ្តី ក៏បានជម្រុញបន្ថែមឲ្យអាជ្ញាធរ អនុវត្តរាល់កម្មវិធីគាំពារសង្គមទាំងអស់ដែលមានស្រាប់ឱ្យបានរលូន និងមិនយឺតយ៉ាវ ដែលក្នុងនោះរួមមានរបបសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជននិងការឧបត្ថម្ភជនពិការក្រីក្រតាមសហគមន៍ មូលនិធិសមធម៌សុខាភិបាល និងរបបថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ របបថែទាំសុខភាព និងរបបហានិភ័យការងារ សម្រាប់កម្មករនិយោជិត កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម ២ ឆ្នាំ និងកម្មវិធីផ្តល់អាហារតាមសាលារៀន ដែលត្រូវបានបង្វែរពីការចម្អិនម្ហូបអាហារជូនសិស្សានុសិស្ស មកជាការចែកជាអង្ករជូនគ្រួសារក្រីក្ រនៅក្នុងសហគមន៍របស់សាលារៀនទាំងនោះវិញ៕

ប្រភពពី៖SMP