វៀតណាម៖ តំបន់កណ្តាលនៃប្រទេសវៀតណាម ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល ៤ ថ្ងៃចុងក្រោយនេះ។ ខេត្ត Quang Binh មានភ្លៀងរហូតដល់ ៧០០មីលីម៉ែត នៅតាមកន្លែងនានាហើយផ្លូវថ្នល់នានា ត្រូវបានប្រែក្លាយទៅជាទន្លេ។

នេះជាតំបន់ទំនាប ដែលព័ទ្ធជុំវិញដោយភ្នំ នៅពេលមានភ្លៀងធ្លាក់មិនឈប់ ធ្វើឲ្យមានការកើនឡើងនៃកម្ពស់ទឹក និងទឹកទន្លេច្រាល ធ្វើឱ្យមានទឹកជំនន់ក្នុងតំបន់នេះកាន់តែអាក្រក់ខ្លាំង ដែលខ្លះមានកំពស់ទឹកដល់ ៤ទៅ៥ម៉ែត្រ។ ផ្ទះខ្លះ លិចនៅក្រោមទឹកទាំងស្រុង ខ្លះនៅសល់តែដំបូលផ្ទះ។

យ៉ាងហោចណាស់មានមនុស្ស ៦ នាក់បានស្លាប់ និង ៧នាក់ផ្សេងទៀតកំពុងបាត់ខ្លួន នៅភាគកណ្តាលនេះ គិតត្រឹមយប់ថ្ងៃសុក្រ។ នេះបើយោងតាមមជ្ឈមណ្ឌលឧតុនិយមរបស់វៀតណាម។

ទឹកជំនន់បានកើនឡើងជិតនឹងខ្សែអគ្គិសនី ដែលបង្ខំឱ្យអាជ្ញាធរកាត់ផ្តាច់ចរន្តអគ្គិសនីដើម្បីធានាសុវត្ថិភាព។ ហើយប្រជាជនត្រូវបង្ខំចិត្តមកប្រើ ប្រើចង្កៀង ប្រេងកាតឬទៀនជំនួស។

ផ្ទះជាង ១៣,០០០ខ្នងនៅខេត្ត ខេត្ត Quang Binh  ត្រូវបានលិចលង់ ប្រជាជនប្រមាណ ១៩.០០០នាក់នៅក្នុងតំបន់នេះ ត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។ ភ្លៀង ក៏ត្រូវបានគេរំពឹងថានឹងបន្តធ្លាក់រហូតដល់ថ្ងៃទី១៤ ខែតុលា៕ VN Express