សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

នៅក្នុងជីវិតនាយុគ្គសម័យបច្ចេកវិទ្យានេះគ្រាន់តែ​ភ្ញាក់ពីដំណេកភ្លាម ប្រភពព័ត៌មានជាច្រើនបានចូលមកក្នុងជីវិតរបស់យើងដែលធ្វើឱ្យយើងត្រូវតាមដាន និង​ទទួលយកដោយយកចិត្តទុកដាក់ ព្រោះប្រភពព័ត៌មាន​ទាំងអស់នោះ ពេលខ្លះអាចជាព័ត៌មានដែលធ្វើឱ្យយើងក្លាយជាជនរងគ្រោះ។

ពាក់ព័ន្ធនឹងបញ្ហានេះឯកឧត្តម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ​ដោយសារ​តែមាន​ការរីក​ចម្រើនខ្លាំង​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ក៏ដូចជាបណ្តាញសង្គមលើពិភពលោកនិង​ស្រប​ពេលដែល​ប្រជាជន​ភាគច្រើន ​មានប្រើ​ប្រាស់​ទូរស័ព្ទ​ដែ​ស្មា​ត​ហ្វូ​ននិងឧបករណ៍អេឡិចត្រូនិកជាច្រើនផ្សេងទៀត យើង​ឃើញថា​ មានព័ត៌មាន​ជាច្រើន​ត្រូវបាន​គេ​ចែករំលែក​ជា​រៀងរាល់ថ្ងៃ ជាពិសេស​តាមបណ្តាញសង្គម។ 

ឯកឧត្តមថា ព័ត៌មាន​ទាំងអស់នោះ មាន​ព័ត៌មាន​ខ្លះ​មិនមែនជា​ព័ត៌មាន​ដែលមាន​តម្លៃ​សម្រាប់​ការរស់នៅ​នោះទេ តែ​វា​បែរជា​ធ្វើឱ្យ​យើង​ខាតបង់​ពេលវេលា ឬ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​យើង​ថែម​ទៀតផងដោយសារតែវាអាចជាព័ត៌មានដែលមិនគ្រប់ជ្រុងជ្រោយ ឬជាព័ត៌មាន​ដែលមិនមានគុណភាពសម្រាប់ការអប់រំ។ ដូច្នេះចំណុចដែល​យើង​អាច​ធ្វើបាន​គឺ​ព្យាយាមទប់ស្កាត់​បញ្ហា​ព័ត៌មាន​ក្លែងក្លាយ ស្រប​ពេលដែល​ប្រជាជន​ក៏​គួរតែ​ព្យាយាម​ស្វែងយល់​ពី​វិធីសាស្រ្តក្នុងការ​ទទួល​ព័ត៌មាន​ឱ្យបាន​ល្អសម្រាប់ការពារខ្លួន និងទាញយកប្រយោជន៍បានពីប្រភពព័ត៌មាននានាជារៀងរាល់ថ្ងៃ។

ឯកឧត្តម ខៀវកា​ញារី​ទ្ធ បាន​មានប្រសាសន៍ថា៖ “មុននឹង​ទទួលយក​ព័ត៌មាន​ណាមួយ​យើង​គួរ​ផ្ទៀ​ង​ផ្ទាល់​ពី​ប្រភព និង​មើល​ឱ្យ​ច្បាស់​ដើម្បី​ឱ្យដឹងថា​អ្នកណា​ជា​អ្នក​ផ្សព្វផ្សាយ​រឿង​ទាំងអស់នោះ»។

ឯកឧត្តមបានបន្ថែមទៀតថា ការទទួលយក​ព័ត៌មាន និង​ការអាន​ជា​ចំណុច​ចាប់ផ្តើម​ដ៏​ល្អ​ក្នុងការ​អភិវឌ្ឍ​សមត្ថភាពតែ​អ្វីដែល​យើង​អាច​ធ្វើបាន​គឺ​ព្យាយាម​ក្នុងការ​ដកស្រង់ ឬ​ចេះ​ជ្រើស​រើសយក​ប្រភពព័ត៌មាន​ដែលមាន​តម្លៃ​សម្រាប់​ការអភិវឌ្ឍ​សមត្ថភាពមិនមែន​ទទួលយក​គ្រប់​រឿង​នោះទេ ព្រោះបើទទួលយកមិនត្រូវរឿងវានឹងធ្វើឱ្យយើងជួបបញ្ហា។បន្ថែមពីលើនេះ យើងគ្រប់គ្នាគួរ​ចំណាយពេល​ក្នុង​ការមើល​ឱ្យបាន​លម្អិតលើព័ត៌មាននីមួយៗ កុំ​គ្រាន់តែ​មើល​ចំណងជើង ឬ​មើល​សាច់រឿង​មិន​ច្បាស់​ក៏​ចាត់ទុកថា​ ខ្លួនឯង​បានទទួល​ព័ត៌មាន​លម្អិត​បន្ទាប់មកក៏បន្តទៅមើលរឿងផ្សេងៗដោយមិនបានយកចិត្តទុកដាក់។ ការធ្វើបែបនេះ​អាច​នឹង​បង្កើតជា​ផលប៉ះពាល់​ជាច្រើន​​ប្រសិនបើមនុស្សម្នាក់ៗនៅតែ​បន្ត​ចែករំលែក​រឿង​ដែល​មិន​ច្បាស់លាស់​ទាំងអស់នោះ​ទៅកាន់សាធារណជន៕